(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលវិភាគទានពី លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី នូវថវិកាចំនួន ១១.៦០៣ដុល្លារ និង៣,១លានរៀល ដើម្បីចូលរួមក្នុងយុទ្ធនាការបោសសម្អាតមីន និងកម្ពុជាគ្មានមីនឆ្នាំ២០២៥ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមាន សុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសចូលរួមជួយលប់បំបាត់គ្រាប់មីនឲ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥ ស្របតាមអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកវិភាគទាននេះ គឺជាការរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាការលប់បំបាត់ភាពភ័យខ្លាចរបស់ប្រជាជនដែលកំពុងបន្តរស់នៅ លើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ៕