(ភ្នំពេញ)៖ សមាគមមិត្តយើង និងក្រុមដឹកជញ្ជូនមកពី ក្រុមហ៊ុនដឹកជញ្ជូនជួបជុំគ្នាបន្តយុទ្ធនាការជិះដើម្បីមិត្តយើង «Ride For Mett Yeung» ដើម្បីយកជំនួយជួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ

ជិះដើម្បីមិត្តយើងជាសកម្មភាព ដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដោយផ្តើមចេញពីការចែករំលែក ធនធានតាមលទ្ធភាព ពីសមាជិកមិត្តយើង ដល់អ្នកដែលខ្វះខាត និងអ្នកធ្វើការងារក្រៅប្រព័ន្ធ។

សូមជម្រាបថា កម្មវិធីមិត្តយើងចាប់ផ្តើមពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយសហការ ជាមួយក្រុមដឹកជញ្ជូន ក្រុមហ៊ុនដៃគូមិត្តយើង និងយុវជនស្ម័គ្រចិត្តមិត្តយើង ដើម្បីចែក «កញ្ចប់ជំនួយមិត្តយើង» រួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗចំនួន២៧០០០០កញ្ចប់ ទៅដល់អ្នកខ្វះខាត អ្នកដែលទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធដូចជា អ្នករត់ស៊ីក្លូ អ្នកលក់តាមរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ អ្នករត់តុតុ ចុងភៅ អនាម័យ សេវាកម្សាន្ត ទូទាំង២៥ រាជធានី-ខេត្ត។

រយៈពេលជិត២ឆ្នាំ នៃការអនុវត្តផែនការ របស់សមាគមកន្លងមកនេះ ប្រជាជនជួបទុក្ខលំបាកខ្វះខាត ជនទីទ័លក្រ និងបងប្អូនកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៣៥០០០០នាក់ ទទួលនូវការជួយឧបត្ថម្ភគាំទ្រពី សមាគមផ្ទាល់ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ជាកញ្ចប់ជំនួយមិត្តយើងជាច្រើនលើកផងដែរ ដើម្បីទប់ទល់ជីវភាពលំបាកប្រចាំថ្ងៃ។

ការចូលរួមរបស់សមាគមមិត្តយើងក្នុងយុទ្ធនាការ «ជិះដើម្បីមិត្តយើង» ព្រមទាំង «សក់ និងសម្រស់ដើម្បីមិត្តយើង» ជាសកម្មភាពសប្បុរសធម៌ ដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយ ផ្តើមចេញពីការចែករំលែកធនធាន ទាំងកម្លាំងកាយចិត្ត និងថវិកា ទៅតាមលទ្ធភាពរបស់សមាជិកមិត្តយើងជូន ដល់ក្រុមគោលដៅ។

ក្នុងយុទ្ធនាកាជិះដើម្បីមិត្តយើង ក្នុងរយៈពេលជាង៣ខែមកនេះ កញ្ចប់ជំនួយប្រមាណជិត១ម៉ឺនកញ្ចប់ ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ក្នុងនោះមានបងប្អូនដែលធ្វើការងារ ក្នុងវិស័យសេវាកម្សាន្ត អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកតាស៊ីខ្លូ ចាស់ជរាគ្មានទីពឹងជាដើម៕