(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ តាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី សូមអំពាវនាវកៀរគរដល់ក្រុមហ៊ុន និងអ្នកវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគលើវិស័យកសិកម្ម និងវិស័យដទៃទៀតនៅកម្ពុជា ពិសេសនៅក្នុងខេត្តក្រចេះ ហើយក៏សូមស្វាគមន៍ និងសហការដោយក្តីរីករាយចំពោះបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគិនទាំងឡាយរបស់ឥណ្ឌូនេស៊ី។

ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តក្រចេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសលោកបានជួបពិភាក្សាជាមួយលោក សូដៀម៉ាន ហាសែន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការដៃគូខេត្តក្រចេះ។

លោក វ៉ា ថន បានបញ្ជាក់ថា «ផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី កាន់តែត្រូវបានពង្រឹង ពង្រីក និងពូនជ្រុំជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២នឹងបន្តបោះជំហានយ៉ាងស្អិតរមួតថែមទៀត ដើម្បីជំរុញ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ប្រកបដោយភាពជាដៃគូរល្អនៅក្នុងតំបន់អាស៊ាន»

លោកអភិបាលខេត្ត បានអបអរសាទរ និងមានជំនឿយ៉ាងពេញលេញថាឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្ដូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ានដើម្បីសម្រេចបាននូវគោលបំណងចម្បងគឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាពភាពធន់ និងបរិយាបន្ន។ ជាពិសេសនាពេលថ្មីៗនេះ ក្នុងឋានៈដែលសាធារណរដ្ឋឥណ្ឌូនេស៊ីបានដឹកនាំកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

ក្នុងជំនួបពិភាក្សា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា៖ «ប្រទេសទាំង២ បានសហការ និងប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់នូវរាល់កិច្ចឧក្រិដ្ឋកម្មឆ្លងដែនចូលប្រទេសពីប្រទេសទី៣ ហើយជារៀងរាល់ឆ្នាំឥណ្ឌូនេស៊ី បានផ្តល់អាហារូបករណ៍ជាច្រើនដល់សិស្សនិស្សិតកម្ពុជា ឱ្យទៅរៀននៅប្រទេសឥណ្ឌូនេស៊ី ដូច្នេះសុំលើកទឹកចិត្តឱ្យខេត្តជួយជំរុញផ្សព្វផ្សាយ និងបញ្ជូនសិស្សនិសិ្សតឱ្យចូលរួមទទួលយកអាហារូបករណ៍ទាំងនេះ»

ដោយមើលឃើញពីសក្តានុពលនៃទឹកដីរបស់ខេត្តក្រចេះ, ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ី មានបំណងចង់ចូលរួមអភិវឌ្ឍន៍នូវវិស័កសិកម្ម និងពាណិជ្ជកម្មក្នុងការផលិត និងកែច្នៃដំណាំកម្មសិកម្ម ផ្នែកជាចំណីអាហារ ដើម្បីពង្រឹងពង្រីក ការប្រើប្រាស់ក្នុងស្រុក និងនាំចេញផ្គត់ផ្គង់តម្រូវទីផ្សារ ក្នុងនោះដែរក៏បានស្នើសុំឱ្យខេត្តក្រចេះ បន្តចូលរួមពង្រឹងកិច្ចសហការរវាងឧក្រិដ្ឋកម្មឆ្លងដែន របស់ប្រទេសទាំង២នេះ ឱ្យមានសវត្ថិភាព៕