(ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសដាក់ឱ្យប្រើជាផ្លូវការ នូវឯកសារ «ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនី​យកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» ដែលជាឯកសារកម្រិតគោលនយោបាយកែទម្រង់ ដ៏មានសារៈសំខាន់ សំដៅរួមចំណែកគាំទ្រដល់ការសម្រេចបាននូវ «ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច» ដែលជាស្នូលនៃ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និង បទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាន នូវគោលនយោបាយ និង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក ។

អគ្គបណ្ឌិតសភាចារ្យបន្តថា «នៅក្នុងបរិបទសកលលោកបច្ចុប្បន្ននេះ​ ការកែទម្រង់ផ្នែកអភិបាលកិច្ចមានសារៈសំខាន់ ជាងពេលណាៗទាំងអស់ ព្រោះកម្ពុជាត្រូវពង្រឹងសមត្ថភាព និង ភាពរឹងមាំរបស់ស្ថាប័នសាធារណៈ ក្នុងការឆ្លើយតបតាមរយៈវិធានការបង្ការជាបុរេសកម្ម បានទាន់ពេល និង ប្រកបដោយប្រសិទ្ធភាព ចំពោះវិបត្តិជាច្រើន ដែលអាចកើតឡើងដោយមិនអាចស្មានទុកបាន និង កាន់តែពិបាកដោះស្រាយ ព្រមទាំងមានលក្ខណៈកាន់តែស្រួចស្រាល់ខ្លាំងឡើង ។ ជាក់ស្ដែង​យើងបាន និង កំពុងទទួលរងគ្រោះពីវិបត្តិជាសកល ឬ វិបត្តិកើតចេញពីកត្តាខាងក្រៅជាច្រើន ដែលសកលលោកមិនធ្លាប់ ឬ កម្រជួបប្រទះ ដូចជា វិបត្តិនៃជំងឺកូវីដ-១៩ និង វិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»

លោកមានប្រសាសន៍ថា បន្ថែមលើនេះ​រាជរដ្ឋាភិបាលក៏ត្រូវគិតគូរប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតផងដែរ នៅក្នុងក្របខណ្ឌនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យា ក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ ។

ដើម្បីសម្រេចបាននូវ ចក្ខុវិស័យ «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១» និង បេសកកម្ម «ធានាសង្គតិភាព និង ស័ក្ដិសិទ្ធភាពនៃការគ្រប់គ្រង និង ការសម្របសម្រួលកម្មវិធី កែទម្រង់ ៣ បូក ១», ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់ជូនជាអនុសាសន៍ ឬ អភិក្រមចំនួន ៤ ដែលផ្ដោតជាពិសេសលើការអនុវត្តការងារកែទម្រង់របស់យើង ដូចតទៅ៖

ទី១. អភិក្រមរក្សាគំហើញទាំងមូល ដែលសំដៅដល់ប្រការដែលកម្មវិធីកែទម្រង់មួយត្រូវពឹងផ្អែក និង អាស្រ័យលើកម្មវិធីកែទម្រង់មួយទៀត ដោយប្រទាក់ក្រឡាគ្នា និង មានទំនាក់ទំនងដោយមិនអាចខ្វះបាន នៅក្នុងបរិយាការណ៍រួមនៃការកែទម្រង់ ។ ឧទាហរណ៍ ការផ្ទេរមុខងារតម្រូវឱ្យពិនិត្យ និង រៀបចំជាវិធាន និងនីតិវិធីជាកញ្ចប់ក្នុងពេលតែមួយ ជាមួយនឹងការផ្ទេរធនធានហិរញ្ញវត្ថុ និង ធនធានមនុស្ស, ក៏ដូចជាការពិនិត្យទិដ្ឋភាពក្របខណ្ឌស្ថាប័ន ច្បាប់ និង នីតិវិធី, និង ប្រព័ន្ធយុត្តិធម៌ ។ល។

ទី២. អភិក្រមចូលរួមចំណែកតាមតួនាទី សំដៅដល់៖ កម្មវិធីកែទម្រង់នីមួយៗ ត្រូវបំពេញឱ្យគ្នាមិនអាចខ្វះបាន ទៅតាមតួនាទី និង សមត្ថកិច្ច នៅក្នុងក្របខណ្ឌនៃមុខងារស្ថាប័នរៀងៗខ្លួន ដែលត្រូវបានកំណត់ដោយច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។

ទី៣. អភិក្រមរក្សាភាពជាម្ចាស់ និង គាំទ្រកិច្ចសហការ គឺការគោរពភាពជាម្ចាស់លើវឌ្ឍនភាព និង គណនេយ្យភាពចំពោះកម្មវិធីកែទម្រង់របស់ខ្លួនផង និង ការផ្ដល់ការគាំទ្រ និង កិច្ចសហការប្រកបដោយឆន្ទៈ ជាមួយនឹងកម្មវិធីកែទម្រង់ផ្សេងទៀត។

ទី៤. អភិក្រមបុរេសកម្ម គឺការត្រៀមលក្ខណៈដោះស្រាយបញ្ហា ឬ ទប់ស្កាត់បញ្ហាមិនឱ្យកើតមាន តាមរយៈយន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ១ ដោយមិនរង់ចាំបញ្ហាកើតឡើង ទើបចាប់ផ្តើមធ្វើសកម្មភាពនោះឡើយ៕