(កណ្តាល)៖ រោងចក្រផលិតកម្មទឹកស្អាតតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាង ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា១១% ហើយនៃគម្រោងទាំងមូល ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤។
រដ្ឋាករស្វ័យទឹកក្រុងភ្នំពេញរំពឹងថា បន្ទាប់ពីដាក់ឱ្យដំណើរការ រោងចក្រផលិតកម្មទឹកស្អាតតាខ្មៅនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងជំរុញឱ្យប្រជាពលក្រីក្រ នៅក្រុងតាខ្មៅ មានលទ្ធភាពតបណ្តាញទឹកស្អាតទៅប្រើប្រាស់។
នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសាង់រោងចក្រផលិតទឹកស្អាតតាខ្មៅ និងមានការអញ្ជើញចូលរួមពីលោក MIKAMI Masahiro ឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមន្រ្តីមន្ទីរជំនាញ និងអាជ្ញាធរមួយចំនួនទៀត
កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា ការសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ នៅខេត្តកណ្ដាល ស្របពេលដែលចំនួនប្រជាជនកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្រូវការទឹកកើនឡើងទ្វេដង ទន្ទឹមនឹងតម្រូវការសម្រាប់ផ្គត់ផ្គង់ទឹក ដល់ព្រលានយន្តហោះថ្មី។
លោកបន្តថា កន្លងមកនៅតំបន់តាខ្មៅ ចាប់តាំងពីឆ្នាំ២០០៤មក ទឹកស្អាតសម្រាប់ប្រើប្រាស់ គឺផ្គត់ផ្គង់ដោយរោងចក្រតូចមួយ ដែលមានទំហំត្រឹមតែ៥០ម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតមានការខ្វះខាត បើទោះបីជា មានការបន្ថែមការតភ្ជាប់ពីរដ្ឋាករទឹកក្រុងភ្នំពេញក៏ដោយ។
លោកទេសរដ្ឋមន្រ្តីបានអំពាវនាវ ឲ្យអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ការពារប្រភពទឹកការពារសុវត្ថិភាព អាងប្រព្រឹត្តិកម្ម និងថែរក្សាប្រព័ន្ធបណ្តាញ ទុយោក្រោមដីជាដើម ដើម្បីការពារហានិភ័យ ព្រោះបើមានបញ្ហាកើតឡើងនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹករាប់ម៉ឺនគ្រួសារទាំងខេត្តកណ្តាល ក៏ដូចជារាជធានីភ្នំពេញ ជាពិសេសប៉ះពាល់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលអាចនឹងត្រូវការទឹកប្រមាណពី ២៥០០០ម៉ែត្រគូបទៅ ២៧០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សមិទ្ធផលនេះជាមោទនភាព និង មានសារៈសំខាន់ណាស់សម្រាប់ចូលរួមចំណែក នូវគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។ បើទោះបីជាលោកនឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះក៏ដោយលោកជឿជាក់ថា អ្នកបន្តវេនពីលោក នឹងពូនជ្រុំទំនាក់ទំនងកម្ពុជា -ជប៉ុន កាន់តែប្រសើឡើង ក្នុងនោះវិស័យទឹកស្អាតនឹងបន្តរីកចម្រើនបន្ថែមទៀត ។
គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ គឺជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនក្រោមរូបភាព Special Purpose Company(SPC) សម្រាប់អភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដែលមានសមត្ថភាពផលិត បាន៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានលក្ខណៈប្រតិបត្តិការ និងថែទាំ(O&M) ដោយភាគីជប៉ុនរយៈពេល១០ឆ្នាំ រួចប្រគល់ឲ្យភាគីកម្ពុជា ជាអ្នកគ្រប់គ្រងបន្ត ពោលគឺនៅចុងឆ្នាំ២០៣៤ រោងចក្រផលិតកម្មទឹកស្អាតនេះ នឹងប្រគល់ឱ្យរដ្ឋាស្វយ័តទឹកក្រុងភ្នំពេញ ជាអ្នកគ្រប់គ្រងវិញ។
បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជា ១១% នៃគម្រោងទាំងមូល ដែលមានទំហំការងារដូចជា សាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ៣០ ០០០ម៣/ថ្ងៃ អាងស្តុកទឹកស្អាត ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការបំពាក់នាឡិកាទឹកមេ និងបំពាក់ប្រព័ន្ធ SCADA។
គម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតតាខ្មៅ ប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣ ៤២១លានយ៉េន ឬប្រមាណ៣០លានដុល្លារអាមេរិក៕