(កំពង់ធំ)៖ ការរាតត្បាតនៃកូវីដ១៩ នាឆ្នាំ២០២០ និង២០២១ កន្លងមក ព្រមទាំងជំនន់ទឹកភ្លៀងប៉ុន្មានខែមុននេះ ធ្វើឲ្យប្រជាពលរដ្ឋស្រុកតាំងគោកមួយចំនួន បានជួបនឹងការប្រឈមលំបាកក្នុងជីវភាពរស់នៅ ដូច្នេះការពិនិត្យព្យាបាលជូនពួកគាត់ដោយ ឥតគិតថ្លៃ គឺជាការរួមចំណែកជួយកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅ។

ជាក់ស្តែង ដោយទទួលបានអំណោយជាថ្នាំពេទ្យរបស់សប្បុរសជនតាមរយៈលោកអភិបាលស្រុក រដ្ឋបាលស្រុកតាំងគោក បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព បន្តធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិកំចាយមារ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងនោះផងដែរ លោកក៏ធ្វើការថ្លែងអំណរគុណដល់សប្បុរសជនដែលបានផ្តល់ជាថ្នាំពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិកាផ្ទាល់ ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកក៏បានបន្តទៀតថា សកម្មនេះជាការបន្ថែមទៅលើសេវារបស់ក្រុមគ្រូពេទ្យ ដែលចង់ឲ្យកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយការលំបាករបស់ពួកគាត់។ លោកអ្នកដែលមានការលំបាក និងមានបញ្ហាអ្វីមួយ ត្រូវរាយការមកអាជ្ញាធរជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍។

ជាចុងក្រោយលោក ក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូន លោកយាយលោកតា តនរូវចេះថែរក្សាសុខភាព ពិសេសចេះអនាម័យខ្លួនប្រាណ ហូបទឹកស្អាត។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាល ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧និង៣០នាទីព្រឹក រហូតដល់ម៉ោង ១១ព្រឹក ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ ដោយការរាយណ៍ពីការពិនិត្យនិងព្យាបាលជំងឺបងប្អូន លោកយាយលោកតា បាន៤២០នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យនឹងបន្តធ្វើទៀត៕