(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញ ចុះពិនិត្យការរៀបចំកែលម្អសោភ័ណភាព និងបរិស្ថានតាមបណ្តាលឆ្នេរដើម្បីត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

ក្នុងដំណើរចុះត្រួតពិត្យ អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមការងារដំឡើងក្លោងទ្វារបុណ្យសមុទ្រ ត្រូវធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញល្អស្អាត និងការតំឡើងស្តង់ពិព័រណ៌ចំនួនជាង ៣០០ស្តង់ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រួចបន្តទៅពិនិត្យសកម្មភាពការឈូសឆាយសម្អាតឆ្នេរខ្សាច់កម្សាន្តនៅឆ្នេរអូរឈើទាល ពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅអូឈើទាលក្នុងទឹកដីភូមិសាស្ត្រក្រុងព្រះសីហនុ។

អភិបាលខេត្ត បានបន្តដំណើរទៅពិនិត្យទីតាំងរង្វង់មូលព្រះថោងនាងនាគ នៅឃុំបិតត្រាំង និងរង្វង់មូលព្រះបដិមា ឧមាមហេស្វរ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្ពោះទបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេ សមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កម្មពិធីបុណ្យសមុទ្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខ៕