(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចជាផ្លូវការលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិចំនួន៣,២៨៥នាក់ ក្នុងនោះមានស្ត្រីចំនួន១,១០១នាក់ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្រាប់សមាគម អង្គការ ដែល គ.ជ.ប សម្រេចទទួលស្គាល់ផ្លូវការរួមមាន៖

ទី១៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
ទី២៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ខេត្តកំពង់ចាម
ទី៣៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
ទី៤៖ សមាគមបណ្ដាញសង្គមស៊ីវិលកម្ពុជា
ទី៥៖ សមាគមរាជសីហ៍
ទី៦៖ សមាគមសហព័ន្ធសិស្ស និស្សិតអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ទី៧៖ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត
និងទី៨៖ អង្គការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា (និកហ្វិច)។

អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។

ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។

សូមបញ្ជាក់ជូនថា អ្នកសង្កេតការណ៍ជាតិដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពឱ្យខាងតែបាននូវក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតដែលបានអនុម័តដោយ គ.ជ.ប៕