(ភ្នំពេញ)៖ ដើម្បីបង្កើនភាពស្និតស្នាលឲ្យកាន់តែស៊ីជម្រៅខ្លាំឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃរវាងថ្នាក់ដឹកនាំ នៃអធិការខណ្ឌឬស្សីកែវ ជាមួយកងកម្លាំងប្រដាប់អាវុធថ្នាក់ក្រោម នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឆ្លៀតចុះចែកនូវអាហារសម្រន់ ជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលបានទទួលបទបញ្ជាប្រតិបត្តិការឈរជើងតាមគោលដៅ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាបង្ការទប់ស្កាត់រាល់បទល្មើស ដែលកើតក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវទាំងមូល ក្នុងរដូវកាលប្រកួតបាល់ទាត់យ៉ូរ៉ូ២០១៦ផងដែរ។
លោក ទៀង ច័ន្ទសារ បានថ្លែងថា ក្រោយពីទទួលបាន គោលការណែនាំយ៉ាងក្ដៅគគុក ពីនាយឧត្ដមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខសុវត្ថិភាពផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងមូល ព្រោះដល់រដូវកាលដែលប្រកួតបាល់ទាត់យ៉ូរ៉ូ និងអាចប្រឈមនិងបទល្មើសទៀតផង។
ជាមួយគ្នានេះ ដើម្បីបង្កើនភាពស្និតស្នាល និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារតាមគោលដៅ លោក ទៀង ច័ន្ទសារ បានឆ្លៀតឱកាសផ្ដល់ជូន នូវអាហារសម្រន់សម្រាប់ កងកម្លាំងម្នាក់ៗហូប ក្នុងពេលបំពេញភារកិច្ចការពារ នារដូវកាលប្រកួតបាល់ទាត់នេះផងដែរ៕