(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ បាននាំយកថវិកា និងអង្កររបស់សម្តេចតជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គណបក្សស្រុកស្វាយជ្រំ និងគណបក្សកំពង់រោទិ៍ នៃខេត្តស្វាយរៀង។

នាឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកសមាជិការគណបក្សប្រជាជនដោយ ក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត បានផ្តាំផ្ញើរដល់មន្រ្តី ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ មេភូមិ និងប្រធានមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានជំរុញឱ្យមូលដ្ឋាន​ជួយពន្លឿនដល់ប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះ​ និងពិនិត្យបញ្ជីឈ្មោះឆ្នោត​ ពីព្រោះថ្ងៃស្អែកជាថ្ងៃចុងក្រោយ​ នៃការចុះឈ្មោះ​ តាមការកំណត់របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត​។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា បើទោះបីជាការគ្រប់គ្រង​កូវីដ១៩​ បានល្អប្រសើរយ៉ាងណាក៏ដោយ​ អាជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុក្ខដាក់​ និងត្រូវគោរពតាមវិធានការណ៍​ ៣ការពារ និង៣កុំ​ ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីការពារសហគមន៍ពីការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ​។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអង្ករចែកជូនដល់ស្រុកទាំងពីរនេះរួមមាន៖ ឃុំទាំង១១ នៃស្រុកកកំពង់រោទិ៍ ទទួលបានអង្ករ ៦តោន និងថវិកា ២លាន ២០ម៉ឺនរៀល និងគណបក្សស្រុកកំពង់រោទិ៍ អង្ករ ១តោន និងថវិកា ១លានរៀល។ ចំណែកឯឃុំទាំង១៦ នៃស្រុកស្វាយជ្រំ ទទួលបានអង្ករ១៧តោន និងថវិកា ៣លាន ២០ម៉ឺនរៀល គណបក្សស្រុកស្វាយជ្រំ ទទួលបាន ៤តោន និងថវិកា ១លានរៀល៕