(កំពង់ចាម)៖ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ចាយ សាមិត្ត និងលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំធ្វើសិក្ខាសាលា រយៈពេល២ថ្ងៃ ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបញ្ជ្រាបព័ត៌មាននេះ ដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកំពង់ចាម យកទៅអនុវត្តបន្ត។

លោក គន់ សុភា បានថ្លែងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិដែលមាននៅក្នុងខេត្ត និងកិច្ចគាំពារបរិស្ថាន លើការវាយតម្លៃហេតុផលប៉ះពាល់ ព្រោះធនធានធម្មជាតិជាប្រភពដ៏សំបូរបែប និងធនធានសេដ្ឋកិច្ចរុក្ខជាតិ និងសត្វ ដែលផ្ដល់នូវផល អនុផលព្រៃឈើ និងចំណូលពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ និងរក្សាបាននៅប្រភពទឹកសម្រាប់បរិភោគ ស្រោចស្របនូវវិស័យកសិកម្ម និងវិស័យនានាផងដែរ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងផងដែរថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ នាពេលនេះ គឺធ្វើឡើងរយៈពេល ២ថ្ងៃ ក្រោមការផ្ដួចផ្ដើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានការចូលរួម ដោយអ្នកច្បាប់របស់ក្រសួងបរិស្ថាន ក្នុងគោលបំណងបញ្ច្រាបព័ត៌មាននេះ ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីចូលរួមគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានោះ ក៏មានបទដ្ឋានគតិយុត្តិមួយចំនួន ពិសេសការអនុវត្តគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការគ្រប់គ្រងសម្រាម សំណល់រឹង នៅទីប្រជុំជន គោលការណ៍ដើម្បីប្រើប្រាស់ ក៏ដូចជាគោលការណ៍សម្រាប់ស្នើសុំ សំភារៈពីក្រសួងបរិស្ថាន។

លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា កន្លងមក ក្រសួងបរិស្ថាន ធ្លាប់បានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន និងផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធទៅលើវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមជាមួយលិខិតបទដ្ឋានគតិយុត្តិមួយចំនួនទៀត ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង ទៅលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ៕