(បាងកក)៖ អភិបាលរាជធានីបាងកក នៃប្រទេសថៃ លោក ឆាត់ឆាត ស៉ីទីភុន (Chatchart Sittipunt) បានថ្លែង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឲ្យយុវជនជំនាន់ក្រោយ មានឱកាសបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ដឹកនាំកិច្ចការប្រជុំថ្នាក់ជាតិ និងអន្តរជាតិធំៗ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Thailand Posts English នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ជាក់ស្តែងអភិបាលរាជធានីបាងកក ប្រទេសថៃ បានថ្លែងការកោតសរសើរដល់លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ ចំពោះភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំវ័យក្មេងរូបនេះថា ជាយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សារព័ត៌មានថៃដដែលបានរៀបរាប់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកឱកាសឲ្យមនុស្សជំនាន់ថ្មី ដែលមានចំណេះដឹង និងសមត្ថភាព ក្នុងការអភិវឌ្ឍន៍ទីក្រុងយ៉ាងពេញលេញ។ គេអាចមើលឃើញថា កម្ពុជាមានអ្នកដែលមានទេពកោសល្យ ដើរតួនាទីជាថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋាន។

ការលើកឡើងបែបនេះតាមរយៈសារព័ត៌មាន Thialand Posts English ធ្វើឡើងក្រោយពេលដែល លោក ឆាត់ឆាត អភិបាលរាជធានីបាងកក បានអញ្ជើញមកចូលរួមកិច្ចប្រជុំអភិបាលនៃរាជធានី-រដ្ឋធានីអាស៊ាន (Mayors of ASEAN Capitals) នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា កាលពីសប្តាហ៍មុន៕