(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់ម្ហូបអាហារ សម្រាប់ខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១.៥០០០គ្រួសារ នៅខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តកំពង់ធំ។
អំណោយទាំងនេះ ជាការឧបត្ថម្ភ ពីអង្គការមូលនិធិឌីយ៉ាណិតតួកគី Turkish Diyanet Foundation (TDV) រួមសហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រសារៗ ទទួលបាន អង្ករ ៥គក ម្សៅ អង្ករខ្សាយ ៥គក ស្ករស ២.៥គក ប្រេងឆា ២.៥ល ផ្លែល្មើ ១គក សណ្តែក ១គក តែ ០.៥ គ.ក និងអំបិល ២គ.ក ថវិកាសរុបទាំងអស់ ជាង៣ម៉ឺនដុល្លាអាមេរិក។
នៅក្នុងពិធីស្រាយបួសជួបជុំចែកកញ្ចប់អំណោយ ជូនបងប្អូនសាសនិកឥស្លាម នៅខេត្តកំពង់ធំ លោក អូស្មាន ហាស្សាន់ ក៏បានប្រកាស ប្រគល់គម្រោងតបណ្តាញភ្លើងបំភ្លឺតាមចិញ្ចើមផ្លូវ ទាំងផ្លូវជាតិ ផ្លូវលំ និង ច្រកល្ហក ចម្ងាយ២៥០០ម៉ែត្រ នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាការឧបត្ថម្ភ របស់ប្រជាជនសាំងហ្គាពួរ តាមរយៈសមាគម Doors of Sadaqah ដែលជាអំណោយផ្ទាល់ពីលោកស្រី Fatin Suriyati Sidik រួមសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលគម្រោងនេះ ចំណាយថវិការប្រមាណ ជិត៣០០០ដុល្លាអាមេរិក។
ការចុះសំណេះសំណាលនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីបញ្ចប់ពិធីទទួលទានអាហារស្រាយបួស នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការរៀបចំ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ស្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះគណ:ប្រតិភូតួកគី ដែលបាននាំអំណោយ របស់ប្រជាជនតួកគី តាមរយ:មូលនិធិឌីយ៉ាណិត មកពីទីដ៏សែនឆ្ងាយ។ ថ្វីបើកញ្ចប់អាហារស្រាយបួសនេះ មិនច្រើនមិនបានគ្រប់ៗគ្នា តែក៏អាចជួយសម្រាល ជីវៈភាពបងប្អូន ដែលខ្វះខាតបានមួយកម្រិត ហើយយើងអាចមើលឃើញ ពីទឹកចិត្តអាណិតស្រលាញ់រាប់អាន ការយកចិត្តទុកដាក់ ពីសំណាក់ប្រជាជាតិទួរគីទាំងមូល។
លោក អូស្មាន ហាស្សាន់ បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាជនទូទៅ ដោយបាន ដោះស្រាយ នូវក្តីកង្វល់ ជាហូរហែរ។ ដោយឡែក រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏បានដោះស្រាយ និងអនុគ្រោះជាច្រើន ដល់សហគមន៍ខ្មែរឥស្លាម ទាំងមូលផងដែរ។
រហូតដល់ពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍បញ្ចូលគ្រូខ្មែរឥស្លាម ប្រមាណ១៥០០នាក់ ទៅក្នុងក្របខណ្ឌមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាការជួយដោះស្រាយជីវៈភាព បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ទាំងមួលបានយ៉ាងច្រើន បើគិតជាថវិកាដែលសហគមន៍ខ្មែរឥស្លាមទទួលបាន សរុបក្នុងមួយឆ្នាំ ប្រមាណ៤លានដុល្លាឯណោះ។
នៅក្នុងដើម សប្តាហ៍នេះទៀតសោត រាជរដ្ឋាភិបាល បានរៀបចំពិធីពិសារអាហារ ស្រាយបួស ជាលក្ខណៈជាតិ លើកទី៣ ដែលមានអ្នកចូលរួមប្រមាណ៤.៥០០នាក់ហើយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាតិ បានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតី និង ចូលរួមជាមួយបងប្អូនខ្មែរឥស្លាម ដែលនេះ បង្ហាញពីការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់ប្រមុខដឹកនាំរបស់យើង។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រតិភូតួកគី ក៏បានបន្តទទួលទានអាហារស្រាយបួសជាមួយ នឹងបងប្អូនប្រជាពលរដ្ឋ លើកទី១ ជាមួយបងប្អូន មកពីស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង និងលើកទី២ នៅស្រុកបារាយណ៍ ខេត្តកំពងធំផងដែរ៕