(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ ធ្លាយរូបអាក្រាតកាយ កក្រើកពេញបណ្ដាញសង្គម Faccebook រួចមក តារាស្រីកញ្ញា វ៉ាន់ នីឡា បានសម្រេចចិត្តលុបចោលកម្មវិធី ប្រគំតន្រ្តីជាច្រើន តាមបណ្ដាស្ថានីយទូរទស្សន៍នានា ព្រោះតែមិនអាចប្រឈមមុខ ជាមួយនឹងទស្សនិកជនបាន ហើយកំពុងតែស្វះស្វែងរកការអន្តរាគមន៍ផ្សេងៗ ដើម្បីស្រោចស្រង់កិត្តិយស ខណៈរឿងអាស្រូវរបស់នាង នៅមិនទាន់បានទទួល ពន្លឺយុត្តិធម៌នៅឡើយ។ ប៉ុន្តែទោះបីជា វ៉ាន់ នីឡា មិនបានបង្ហាញមុខ ក្នុងកម្មវិធីលើឆាកតន្រ្តី ប៉ុន្តែនាងបាន ងាកមកធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការជួយកុមារក្រីក្រ តាមតំបន់សហគមន៍ ដាច់ស្រយ៉ាងមួយចំនួន ដោយបានបង្ហើសំនៀងជូន ក្មួយៗទាំងនោះ បានស្ដាប់កម្សាន្តទៀតផង។
នេះជាលើកទី២ហើយ សម្រាប់តារាស្រីកញ្ញា វ៉ាន់ នីឡា ក្រោយពីនាងបានបរិច្ចាគថវិកា៥០ដុល្លារ តាមរយៈមូនិធិ របស់តារាសម្តែងប្រុសលោក សាវិន ហ្វីលីព ដើម្បីទិញកង់ និងសម្ភារៈសិក្សាមួយចំនួន ចែកជូនដល់កុមារក្រីក្រ នៅខេត្តមណ្ឌលគិរី ខណៈកាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញនាង ក៏បានបង្ហាញមុខលើសកម្មភាព មនុស្សធម៌ជាមួយ សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ផងនោះ។
តាមរយៈសកម្មភាពនេះ គេសង្កេតឃើញតារាស្រី វ៉ាន់ នីឡា ហាក់បង្ហាញពីអារម្មណ៍ និងទឹកមុខសប្បាយរីករាយ ស្រស់ស្រាយ ក្រោយពីចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីរំសាយការឈឺចាប់ ដោយទទួលបានការផ្តល់កំលាំងចិត្ត យ៉ាងពេញទំហឹងពីសំណាក់មជ្ឈដ្ឋាន ប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនី ក្រុមការងារជាមួយ ផងដែរ។
ជាមួយគ្នានេះ បើតាមការឲ្យដឹងពីតារាស្រីចាស់ វស្សាអ្នកនាង ចន ច័ន្ទលក្ខិណាបានលើកឡើងថា កាលពីថ្ងៃសុក្រ ទី ១៧ខែ មិថុនាម្សិលមិញសមាគមមិត្តសិល្បៈស័គ្មចិត្ត ជួយសង្គមដែលមានការចូលរួម ពីសិល្បករ-សិល្បការិនីល្បីៗ បានចុះសួរសុខទុក្ខ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ ៥០០នាក់ នៅសាលាបឋមសិស្សា «ហ៊ុន សែន យាយសល់» ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា ដោយមានការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន លោកអភិបាលស្រុក មេឃុំ មេភូមិ នាយកសាលា ព្រមទាំងសិល្បៈករល្បីៗ ប្រចាំកម្ពុជា បានធ្វើឲ្យកម្មវិធីដំណើរយ៉ាងរលូន។ កម្មវិធីរួមមាន រៀបចំបណ្ណាល័យថ្មី ជូនសាលាដឹកនាំសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋ ចែកអាហារសំរន់ សម្ភារៈសិក្សារ លេងល្បែង រាំលេងកំសាន្ត រហូតដល់ល្ងាច ប្រកបដោយភាពស្និទស្នាលក្រៃលែងបំផុត។ តំណាងឲ្យសមាគម អ្នកនាងក៏សូមថ្លែងអំណរគុណ យ៉ាងជ្រែលជ្រៅដល់អ្នកចូលរួមបរិច្ចាគ និងឧបត្ថម្ភផងដែរ៕