(ចិន)៖ អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង លោក Wu Jianmin បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅព្រឹកថ្ងៃសៅរិ៍នេះ ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នាថ្ងៃទី១៨ ខែមិថុនា។
យោងតាមការបញ្ជាក់ពីប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា លោក Jianmin បានធ្វើដំណើរការចេញពីអាកាសដ្ឋាន មកកាន់ទីក្រុង Wuhan ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោងប្រមាណ ៤ព្រឹក ប៉ុន្តែគេមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនៃគ្រោះថ្នាក់នោះឡើយ។
លោក Jianmin បានកើតនៅឆ្នាំ ១៩៣៩ និងបានបញ្ជាប់ការសិក្សានៅវិទ្យាស្ថានភាសាបរទេស ក្នុងនោះលោកមានជំនាញភាសាបារាំងខ្លាំងជាងគេ។ នៅ ១៩៨៥ លោកត្រូវបានទទួលតំណែងជាទីប្រឹក្សារបស់ចិន នៅ UN និងអាមេរិក ហើយក្រោយមកនៅឆ្នាំ ១៩៨៩ លោកទទួលបានតំណែងជា អនុប្រធានបេសកកម្មអចិន្រ្តៃយ៍របស់ PRC នៅអង្គការសហប្រជាជាតិ។ នៅឆ្នាំ ១៩៩១ លោកទទួលបានតំណែងជា ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសហូឡង់ ហើយនៅឆ្នាំ ១៩៩៦ ទទួលបានមុខងារ ជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន នៅ UN និងជាចុងក្រោយគឺនៅឆ្នាំ ១៩៩៨ លោកទទួលបានតំណែងជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង៕