(បាត់ដំបង)៖ លោក ម៉ៅ ច័ន្ទតារា ប្រធានក្រុមការងារចុះជួយស្រុករុក្ខគិរី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសទទួលស្គាល់ក្រុមយុទ្ធនាការបោះឆ្នោតថ្នាក់ឃុំ និងប្រធានក្រុមបក្ស ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងចុះសួរសុខទុក្ខជាមួយសមាជិកបក្ស ដែលជាកម្លាំងដ៏រឹងមាំរបស់គណបក្ស។
លោក ម៉ៅ ច័ន្ទតារា បានឱ្យដឹងថា ដើម្បីឲ្យមានភាពសិ្នតស្នាលជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន សមាជិកក្រុមការងារ ត្រូវផ្ដល់ព័ត៌មានផ្សេងៗ ឲ្យប្រជាពលរដ្ឋបានដឹង និងងាយស្រួលទំនាក់ទំនងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត សមាជិកទាំងអស់ត្រូវចុះស្រង់សិ្ថតិប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ឲ្យច្បាស់លាស់ជាក់លាក់ ហើយព្យាយាមជួយសម្រួលដល់ការធ្វើអត្តសញ្ញាណប័ណ្ណនេះ ឲ្យមានភាពងាយស្រួល និងឆាប់រហ័សជូនពួកគាត់។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ឲ្យមានការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ដោយមិនមានការប្រកាន់បក្សពួក ជាពិសេសក្រុមការងារ ដែលបានប្រកាសទទួលស្គាល់នាពេលនេះ ត្រូវជួយដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះដែរ លោកម៉ៅ ច័ន្ទតារា បានឧបត្ថម្ភថវិកាដល់ជនបង្គោលរបស់គណបក្សតាមភូមិ ដែលមានចំនួន៥៨៧នាក់នោះ ក្នងម្នាក់ៗ ទទួលបាន១០,០០០រៀលផងដែរ៕