(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះថា រយៈពេល៦ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ សរុបបាន ៥,៦៧៨នាក់។ សម្រាប់នៅថ្ងៃទី០៦នេះ នគរបាលបានចុះធ្វើចំនួន ១,៣១១នាក់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមភូមិ និងតាមខ្នងផ្ទះ ដែលអនុវត្ដតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រយៈពេល៥ថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ សរុបរួមគឺធ្វើបាន ចំនួន៥,៦៧៨នាក់»

បន្ថែមពីនោះទៀត លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់ថា សន្ទុះនៃការធ្វើអត្ដសញ្ណញាប័ណ្ណសញ្ជាតិខ្មែរ ចុះតាមភូមិផ្ទាល់ និងចុះតាមផ្ទះផ្ទាល់ បើធៀបទៅនឹងការធ្វើ នៅតាមទីតាំងរបស់សមត្ថកិច្ច គឺមានការខុសគ្នាច្រើន។

លោកបានឱ្យដឹងថា តាមទីតាំងនីមួយៗ តាមបណ្ដាភូមិ តាមបណ្ដាផ្ទះប្រជាពលរដ្ឋ គឺបងប្អូនប្រជាពលរដ្ឋ បង្ហាញអារម្មណ៍សប្បាយរីករាយ និងក្ដីរំភើប ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅ នូវគំនិតផ្ដួចផ្ដើមរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត តែងតែគិតគូនៅសុខទុក្ខ និងតែងតែធ្វើយ៉ាងណា ឱ្យក្រុមការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានលឿនបំផុត។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា អ្វីដែលសំខាន់លើសពីនោះទៀត គឺបងប្អូនប្រជាពលរដ្ឋ អាចទៅធ្វើនៅពេលយប់ ដែលមិនពាក់ព័ន្ធនឹងម៉ោងការងាររបស់ពួកគាត់ ដែលមានទីតាំងខ្លះ ធ្វើរហូតដល់ម៉ោង១០យប់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបាននូវភាពងាយស្រួល។

យុទ្ធនាការនេះ ដើម្បីផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរមកធ្វើអត្តសញ្ញាណប័ណ្ណមកដល់ប៉ុស្តិ៍នគរបាលសង្កាត់។ តាមរយៈយុទ្ធនាការនេះ មន្ត្រីនគរបាលបានចុះទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានបញ្ហាអត្តសញ្ញាណប័ណ្ណដូចជា៖ ដែលត្រូវគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណខូច។

ហើយនេះជាយុទ្ធនាការមួយគួរឱ្យកោតសសើរដែលមន្ត្រីនគរបាលបានចុះអនុវត្តន៍បែបនេះ គឺជាការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាក់ស្តែងដោយមិនរំខាន ឬចាំបាច់ឱ្យពួកគាត់ធ្វើដំណើរ ឬពិបាកស្វែងរកសេវាសាធារណៈពីមន្ត្រីនគរបាល ឬអាជ្ញាធរនោះទេ៕