(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានថ្លែងទាំងអស់សំណើចថា «តើវាអាចទៅរួចទេ ខណៈដែលអ្នក គាំទ្ររុស្ស៊ី មានគ្នាតែជាង ២០០នាក់ ទៅវាយប្រហារអ្នកគាំទ្រអង់គ្លេស ដែលមានសមាជិករាប់រយនាក់នោះ កាលពីប៉ះទង្គិចគ្នាក្នុងទីក្រុង Marseille ប្រទេសបារាំង នាថ្ងៃទី១៣ មិថុនា ក្នុងព្រឹត្តិការណ៍ Euro 2016» នេះបើយោង តាម Sky News។
ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើងនៅពេលដែល ពូទីន ចូលរួមវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី ក្នុងទីក្រុង Saint Petersburg ដោយបុរសខ្លាំងរូបនេះបានចាត់ទុកការប៉ះទង្គិចគ្នានោះថា «ជាការចង់ធ្វើឲ្យរុស្ស៊ី អាម៉ាស់មុខនៅលើឆាក អន្តរជាតិតែប៉ុណ្ណោះ» ។ ពិតណាស់ ខ្ញុំនៅតែមិនយល់ តើវាអាចកើតឡើងបានដោយរបៀបណាទៅ? លោក ពូទីន បន្ថែម។
លោក ពូទីន សង្ឃឹមថា អ្នកគាំទ្រទាំងនោះ គឺពិតជាស្រឡាញ់ក្រុមខ្លួនខ្លាំងណាស់ ហើយមិនចង់ឃើញលទ្ធផលមិនល្អ នោះទេ តែការគាំទ្រដល់ថ្នាក់បង្កហិង្សានោះ វាមិនអនុលោមទៅតាមច្បាប់នោះទេ ហើយក៏គួរតែជៀងវាងអាកប្បកិរិយា ទាំងឡាយណា ដែលប៉ះពាល់ដល់ក្រុម និងកីឡាទាំងមូលផងដែរ។ តែយ៉ាងណាក៏ដោយ ពូទីន នៅតែមិនទទួលស្គាល់ ដដែលថា អ្នកគាំទ្ររុស្ស៊ីបានបង្កហិង្សាទៅលើអ្នកគាំទ្រអង់គ្លេស ដូចការលើកឡើងនោះឡើយ។
ក្នុងហេតុការណ៍ដែលបានកើតឡើងនោះដែរ សារព័ត៌មានដ៏ល្បី Dailymail របស់អង់គ្លេសបានចុះផ្សាយថា កុ្រមអ្នក គាំទ្ររុស្ស៊ី បានផ្លោះពីកៅអីរបស់ខ្លួន ទៅវាយប្រហារអ្នកគាំទ្រអង់គ្លេស ក្នុងពហុកីឡដ្ឋាន Valodrome ស្ថិតក្នុងទីក្រុង Marseille ក្រោយពេលដែលក្រុមជម្រើសជាតិរុស្ស៊ី និងអង់គ្លេស បញ្ចប់ដោយលទ្ធផលស្មើ ១-១ ពី១ប្រកួតដំបូងរបស់ ពួកគេក្នុងពូល B នៃព្រឹត្តិការណ៍បាល់ទាត់ UEFA Euro 2016 ដែលបានបណ្តាលឲ្យមានមនុស្សរងរបួសចំនួន ២០ នាក់ ក្នុងនោះ២នាក់របួសធ្ងន់។
សូមរំលឹកផងដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ មិថុនា តុលាការប្រទេសបារាំង បានកាត់ទោសអ្នកគាំទ្ររុស្ស៊ី ៣នាក់ ដោយក្នុងម្នាក់ៗជាប់គុក២ឆ្នាំ ហើយរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ក៏បានលើកឡើងដែរថា ប្រជាជនរុស្ស៊ី ច្រើនជាង២០នាក់ ត្រូវបានបារាំង បណ្តេញចេញពីប្រទេសផងដែរ បើទោះបីជាសហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី រងការពិន័យជាទឹកប្រាក់ ១៥ម៉ឹនអឺរ៉ូរួចរាល់ហើយនោះក៏ដោយ៕