(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញទៅចូលរួមបុណ្យសពលោកតា សាយ ភូថង នៅខេត្តកោះកុង ដោយនៅក្នុងពេលធ្វើដំណើរតាមរថយន្តលើផ្លូវជាតិលេខ៤ ពីភ្នំពេញមកកាន់ខេត្តកោះកុងព្រឹកនេះ សម្តេចមានឱកាសបានមើលឃើញ ជាបន្តបន្ទាប់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមដងផ្លូវ ព្រមជាមួយរថយន្តដឹកទំនិញតូចធំ ធ្វើចរាចរណ៌តាមផ្លូវដែលបង្ហាញ ឲ្យឃើញពីការរីកចម្រើននៃប្រទេសជាតិ។ ចំពោះផ្លូវថ្នល់ និងស្ពានក៏មានលក្ខណៈកាន់តែធំទូលាយងាយស្រួលក្នុងការធ្វើដំណើរបានឆាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើ Facebook នូវរូបភាពជួបផ្ទាល់ប្រជាពលរដ្ឋ និងខ្លឹមសារយ៉ាងដូច្នេះថា៖ «នៅតាមដងផ្លូវចូលមកកាន់ខេត្តកោះកុង ខ្ញុំបានចុះសួរសុខទុក្ខប្អូនប្រុសអ្នករត់ម៉ូតូឌុប និងក្មួយស្រីអ្នកលក់ចាប់ហួយ ព្រមទាំងក្រុមគ្រួសារកសិករប្រកបរបរស្រែចំការដែលមានដាំដំណាំនៅជុំវិញផ្ទះ។ ខ្ញុំសប្បាយចិត្តដែលបានស្វែងយល់ និងបានឃើញជនរួមជាតិរស់នៅសុខសាន្ត មានរបបរទទួលទាន និងមានម៉ូតូជាយាន្តជំនិះផ្ទាល់ស្ទើរគ្រប់ផ្ទះ។ ខ្ញុំសូមអរគុណ បងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព យើងទាំងអស់គ្នាបន្តខិតខំចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យកាន់តែរីកចម្រើនខ្លាំងឡើង»៕