(តាកែវ)៖ បុរសជាឪពុក និងកូនប្រុសស្រី២នាក់ទៀត បានស្លាប់ភ្លាមៗគួរឲ្យអាសូរជាទីបំផុត ដោយសារតែខ្សែភ្លើងឆក់តគ្នា។ ហេតុការណ៍ ដ៏គួឲ្យរន្ធត់នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៍ ក្រុងដូនកែវ។

លោក ឆាយ សាវុធ  អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារតែភ្លើង ឆក់ទាំង៣នាក់ឪកូន ទី១បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ទី២កូនស្រីឈ្មោះ ពេជ ស្រីម៉េង អាយុ១៣ឆ្នាំ និងទី៣កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ។

បើតាមលោកអធិការក្រុងដូនកែវ មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់កូនបាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។

បន្ទាប់បុរសជាឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះ នៅពេលនោះ ខ្សែភ្លើងក៏ដាច់បណ្ដាលឲ្យឆក់ ឃើញឪពុកឆក់ខ្សែភ្លើងកូនប្រុស ដែលមានវ័យ១០ឆ្នាំ ស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យជំទង់អាយុ១៣ឆ្នាំ ឃើញឪពុកនិងប្អូនឆក់ខ្សែភ្លើងរត់មកជួយទៀតក៏ឆក់ស្លាប់ ទាំង៣នាក់កូន គួរអោយអាណោចអាធម៌ជាទីបំផុត។

លោកអធិការក្រុងដូនកែវ  ឆាយ សាវុធ បានថ្លែងបន្ត បន្ទាប់ពីកើតហេតុភ្លាមលោកបានបញ្ជាឲ្យកំលាំង ចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនរងគ្រោះទាំង៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះ នៅមន្ទីរពេទ្យបាននោះទេ ហើយខាងមន្រ្តីជំនាញក៏បានចុះមកពិនិត្យសាកសព ដោយបានពិនិត្យឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕