(ភ្នំពេញ)៖ កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវ ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ១៤៤នាក់ ទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី។ កងកម្លាំងមួកខៀវ ១២៩នាក់ និងកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ៤៤នាក់ ដែលជាកម្លាំងប្តូរវេនបានចេញដំណើរ នៅរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខណៈ EOD ចំនួន១០០នាក់ទៀត នឹងបន្តចេញដំណើរ នៅចុងខែធ្នូនេះ ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។

ក្នុងឱកាសសំណេះសំណាលមុនពេលចេញដំណើររបស់កងប្តូរវេនទាំងពីរខាងលើនេះ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែលកំពុងប្រឈម និងរងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេសដែលរងការហែកហួរដោយសារជម្លោះប្រដាប់អាវុធភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួន ទៅសម្រាលទុក្ខលំបាករបស់ប្រជាជនលើសកលលោក។

ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២ កម្ពុជាបានសម្រេចបញ្ជូនកងកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពសរុបចំនួន ៨,៤៧៥នាក់ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។

បច្ចុប្បន្ន កងកម្លាំងយោធាមួកខៀវកម្ពុជា ជាង៨០០នាក់ បាននិងកំពុងបំពេញ កាតព្វកិច្ចរក្សាសន្តិភាព នៅប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងសាធារណរដ្ឋ និងអាហ្វ្រិកកណ្តាល៕