អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ១០ខ្នងទាំងយប់ ក្នុងនោះ៦ខ្នង ត្រូវបានបំផ្លាញទាំងស្រុង នៅក្រុងកំពង់ឆ្នាំង
06-12-2022 13:31
(កំពង់ឆ្នាំង)៖ អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ដោយក្នុងនោះផ្ទះចំនួន៦ខ្នង ត្រូវបានឆេះទាំងស្រុង នាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សាឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ឆាយ ខេមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ថា៖ «ហេតុការណ៍នេះនៅវេលាម៉ោង៩៖០០នាទីយប់ ថ្ងៃទី៥ ខែធ្នូ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន១០ខ្នង ដោយឆេះអស់ទាំងស្រុងចំនួន៦ខ្នង ករណីអគ្គីភ័យឆាបឆេះខាងលើនេះផងដែរ គឺបណ្ដាលមកពីទូស្សេខ្សែភ្លើង»។
ក្នុងហេតុការណ៍នេះ ក៏មានប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន៦គ្រឿងចេញធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យខាងលើនេះ ដោយប្រើប្រាស់ទឹកចំនួន ២៥ឡាន ដែលសកម្មភាពពន្លត់អគ្គិភ័យនេះ គឺចាប់ផ្ដើមតាំងពីម៉ោង ៩៖០០នាទីយប់ រហូតដល់ម៉ោង១១៖៣០នាទីយប់ទើបអាចគ្រប់គ្រងស្ថានការណ៍ខាងលើនេះបានទាំងស្រុង។
លោកអធិការបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះនៅនេះ បានឆេះខូចខាតសម្ភារៈអស់មួយចំនួនធំ តែមិនបណ្ដាលឱ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ឆ្លៀតក្នុងឱកាសនេះលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលបានកើតឡើងជាយថាហេតុ ដូច្នេះ ករណីបងប្អូនមិននៅផ្ទះត្រូវពិនិត្យមើលភ្លើងធូប ភ្លើងទាន ពិសេសត្រូវបិទបារ៉ែតភ្លើងអគ្គិសនីជាមុនសិន មុននឹងចេញទៅធ្វើការរកស៊ី។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអភិភ័យកាលពីយប់មិញដែរ គេក៏ឃើញមានវត្តមានថ្នាក់ដឹកនាំខេត្តជាច្រើនរូបមានវត្តមាននៅកន្លែងកើតហេតុនោះផងដែរដូចជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកំពង់ឆ្នាំងលោកស្នងការរង និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕