(កណ្ដាល)៖ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី២ ដែលកំពុងបុកគ្រឹះ បានថ្លែងអំណរគុណពុទ្ធបរស័ទទាំងអស់ ដែលបានចូលរួមបច្ច័យជួយកសាងអគារសិក្សា នៃសាកលវិទ្យាល័យព្រះមហាសង្ឃរាជ បួរ គ្រី ដែលគ្រោងនឹងសាងសង់កម្ពស់៧ជាន់ ក្នុងតម្លៃទឹកប្រាក់៤លាន ៧សែនដុល្លារ។
ស្ថិតនៅក្នុងពិធីបុណ្យផ្កាប្ថាក់មហាសាមគ្គី សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានសង្ឃដីកាថ្លែងអំណរគុណអភិបាលខេត្តកណ្ដាល, លោកឧកញ៉ា ភឺន ផល្លា ដែលបានឧបតម្ភថវិកា និងអរគុណសប្បុរសជនទាំងឡាយ ដែលបានបរិច្ចាកថវិកាមកជាហូរហែរ។
សម្ដេចសង្ឃបន្ថែមថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ទីតាំងទី២ កំពុងខ្វះខាតថវិការសំរាប់ការសាងសង់ ពោលគឺទើបបុកគ្រឹះបានប្រមាណជា៨០%ប៉ុណ្ណោះ ប៉ុន្តែថវិកាត្រូវបានចំណាយអស់ហើយ សូមពុទ្ធបរិស័ទគ្រប់ទិសទី នឹងចូលរួមបច្ច័យ ជួយសាងសង់អគារកម្ពស់៧ជាន់នេះឲ្យរួចជាស្ថាពរនាពេលខាងមុខ។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានសង្ឃដីកាបន្ថែមថា ចំពោះថង់ប្រាក់វិញសូមបងប្អូនប្រជាពលរដ្ឋចំណាយបច្ច័យរៀងៗខ្លួនតែ ៥០០រៀលក្ដី ១ពាន់រៀលក្ដីក្នុងមួយថ្ងៃ ដែលអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ដើម្បីជួយទ្រទ្រង់សម្រាប់ការសាងសង់អគារសាកលវិទ្យាល័យនេះឱ្យមានដំណើរការទៅមុខ។
សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសាស្ត្រាចារ្យជំនាញឯកទេសជាង១០០នាក់ ដែលសុទ្ធសឹងតែជាសាស្ត្រាចារ្យកម្រិតបណ្ឌិតមានបទពិសោធន៍ចាប់ពី ២០ឆ្នាំទៅ ៣០ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សាជាមួយនឹងការប្ដេជ្ញាចិត្តអស់ពីកម្លាំងកាយពល ដាក់ចិត្តក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឲ្យក្លាយ ទៅជាធនធានមនុស្សដែលមានកម្រិតខ្លាំង។
សាកលវិទ្យាល័យមានសាស្ត្រាចារ្យជំនាញៗ ដែលមានបទពិសោធន៍បង្រៀនចាប់ពី ២០ឆ្នាំទៅ៣០ឆ្នាំ សុទ្ធសឹងតែជាសាស្ត្រាចារ្យដែលមានកម្រិតសិក្សាថ្នាក់បណ្ឌិតសុទ្ធ តែជាបញ្ញវន្តសុទ្ធតែជាអ្នកប្រាជ្ញបានចូលមកជាគ្រូបង្រៀន នៅសាកលវិទ្យាល័យនេះ ជាមួយនឹងការរៀបចំបទដ្ឋានបច្ចេកទេសដោយក្រសួងអប់រំផ្ទាល់តែម្ដង ដូច្នេះការបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យមានបទពិសោធន៍ឆ្អិនឆ្អៅ។
សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានសង្ឃដីកាណែនាំសិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា អញ្ជើញរួសរាន់មកទទួលពាក្យដើម្បីទទួលបានឱកាសក្នុងការសិក្សាដែលឥតគិតថ្លៃ ពោលគឺសាកលវិទ្យាល័យទទួលសិស្សមានកម្រិតត្រឹម១ពាន់នាក់ប៉ុណ្ណោះ ខណៈដែលការប្រឡងមធ្យមសិក្សាទុតិយភូមិកំពុងដំណើរការ ដូច្នេះសាកលវិទ្យាល័យរំពឹងទុកថា នឹងមានសិស្សនិស្សិតមកចុះឈ្មោះយ៉ាងច្រើនកុះករ ព្រោះការសិក្សាគឺមិនគិតថ្លៃនោះទេ គ្រាន់តែបរិច្ចាគជាវិភាគទាន៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការបណ្ដុះបណ្ដាលគឺស្របតាមស្តង់ដារជាតិ ដែលមានសាស្ត្រាចារ្យពោរពេញទៅដោយបទពិសោធន៍ បានដាក់ចិត្តដាក់កាយ ក្នុងការបណ្ដុះបណ្ដាលបង្រៀនអស់ពីចិត្ត ហើយក៏ជាប្រវត្តិសាស្ត្រមួយផងដែរ ដែលសាកលវិទ្យាល័យដែលត្រូវឡើងដោយគណៈសង្ឃបានលេចចេញជារូបរាងឡើងបែបនេះ «ក្រោមម្លប់សន្តិភាព» ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបជូនថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូរគ្រី និងបើកបវេសនកាលនៅពាក់កណ្ដាលឬចុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការចូលសិក្សាដោយឥតគិតថ្លៃ ខណៈដែលសិស្សនិស្សិតទាំងអស់ ចូលរួមបរិច្ចាគវិភាគទានត្រឹមតែ ៤ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ខែ៕