(កំពង់ធំ)៖ ផ្ទះថ្មីអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺលោកស្រី ម៉ី កាន់ អាយុ៦៤ឆ្នាំ ដែលត្រូវជាភរិយារបស់លោកព្រិន្ទបាលឯក គឹម រឿន ដែលលោកបានបម្រើកងទ័ពនៅឆ្នាំ១៩៩២ ក្នុងអង្គភាពវរសេនាតូចលេខ៥ ខេត្តកំពង់ធំ ប៉ុន្តែដោយសារឆ្លងជំងឺគ្រុនចាញ់និងរបួសចាស់រើឡើងផងនោះ ទើបធ្វើឱ្យលោកព្រិន្ទបាលឯក គឹម រឿន ទទួលមរណភាពកាលពីឆ្នាំ២០១០។
ការប្រគល់ផ្ទះនេះធ្វើឡើងតាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ នេះជាផ្ទះទី២២៨ហើយ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពរស់នៅរបស់លោកស្រី ម៉ី កាន់ មានការលំបាកខ្វះខាត ពុំមានលទ្ធភាពសាងសង់ផ្ទះឱ្យបានសមរម្យដោយខ្លួនឯង ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការឯកភាពពីនាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា សម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២២៨របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ការសាងសង់ផ្ទះនេះ គឺខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនពលី លោកស្រី ម៉ី កាន់ បន្ថែមទៀត រួមមានអង្ករចំនួន៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី/ទឹកស៊ីអ៉ីវចំនួន២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជាឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោកស្រី ម៉ី កាន់ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំងប្រាំប្រការ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន៕