(ព្រៃវែង)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធគម្រោងជី អេច ហ្វោនដេសិន ស្តីពីគម្រោងលុបបំបាត់ភាពពិការ ដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ក្រោមជំនួយឥតសំណងរបស់មូលនិធិ GX សាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះ ក៏មានការចូលរួមពីលោក វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ប ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមប្រតិភូអមដំណើរ មន្ត្រីរាជការជាច្រើននាក់ផងដែរ។
លោក ជា សុមេធី បានឲ្យដឹងថា ចំពោះការងារចក្ខុរោគ ខេត្តមានអគារចក្ខុរោគនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង និងមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលមានសេវាពិគ្រោះ ថែទាំ ព្យាបាល វះកាត់ និងវាស់កាត់វែនតា។ ការព្យាបាលជំងឺ និងបញ្ហាភ្នែក រួមមាន៖ ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកន្ទុយថ្លែន ជំងឺរលាកបាតភ្នែកបណ្តាលមកពីទឹកនោមផ្អែម បញ្ញាពិការភ្នែករបស់កុមារ បញ្ហាកំហុសកំណុំរូបភាព និងជំងឺភ្នែកផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ បានវះកាត់ជំងឺភ្នែកសរុបចំនួន៩១៨ករណី ក្នុងនោះឆ្នាំ២០២២នេះ វះកាត់ បានចំនួន១៩៦ករណី។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិនទាំងអស់ដែលបានជួយពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ពិការភាពពីជំងឺភ្នែក ដែលនេះជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាបានមួយផ្នែកធំផងដែរ។ ការផ្ដល់រថយន្តវះកាត់ភ្នែកទាំង២គ្រឿង ដល់ខេត្តព្រៃវែង ក៏ដូចជាការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកធ្វើការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃនាពេលនេះ បានបង្ហាញនូវសក្ខីភាពចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍វាសនារួម កម្ពុជា-ចិន គឺជាពាក្យមួយឃ្លាដ៏មានអត្ថន័យដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ បានខិតខំថែរក្សា និងពូនជ្រំឲ្យរិតតែមានផ្លែផ្កាល្អត្រចះត្រចង់។ ឈរលើស្មារតីនេះសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិត្តចិន នៃមូលនិធិ GX តំបន់រដ្ឋបាល ពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តល្អជួយគ្នា ហើយក៏បានជាកុសលល្អផងដែរ ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលយើងបានជួយប្រជាជនឲ្យចៀសផុតពីពិការភាពជំងឺភ្នែកឡើងបាយ ឲ្យមានភ្នែក អាចមើលឃើញពីការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិនៅពេលបច្ចុប្បន្ន និងអនាគត។
លោក យឹម ឆៃលី មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការប្រកាសបើកជាផ្លូវការនូវការពិនិត្យ ព្យាបាល និងវះកាត់ជំងឺ ភ្នែកឡើងបាយជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យខេត្តក្វាងស៊ី ដែលសកម្មភាពមនុស្សធម៌នេះ គឺជាក្តីសង្ឃឹមប្រកបដោយស្នាមញញឹមក្នុងជីវិត និងសុភមង្គល ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ប្រជាជនក្នុងខេត្តព្រៃវែង ក៏ដូចជាប្រជាជនដែលរស់នៅតាមបណ្តាភូមិ ឃុំ ស្រុកខេត្តនានាជាប់ខេត្តព្រៃវែង នឹងបានទទួលសេវាពិនិត្យ និងព្យាបាលដូចគ្នាផងដែរពីក្រុមត្រូពេទ្យស្ម័គ្រចិត្តរបស់មិត្តចិន។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត និងរដ្ឋបាល ដែនដីគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិន និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់វិស័យសុខាភិបាលខេត្តព្រៃវែង មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។
បើតាមលោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា អង្គការ ជីអេច ហ្វានដេសិ សង្ឃឹមថានឹងមានការបន្ថែមការពង្រឹងចំណងមិត្តភាពទាំងនេះ តាមរយៈការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា និងគាំទ្រដល់ការបន្តរីកចម្រើនស្របគ្នា នៃប្រទេសទាំងពីរ។
ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) អង្គការ ជីអេច ហ្វេនដេសិន មានគោលបំណងផ្ដល់នូវអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការ សុខភាពមនុស្សធម៌ដែល មិនទាន់ឆ្លើយតបបាននៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍។ កម្មវិធីរបស់យើងមាន ឥទ្ធិពលលើកិច្ចសហប្រតិបត្តិការជាមួយសមភាគីក្នុងតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់តាមរយៈការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសចិន និងប្រទេសនៅក្នុងគម្រោង។
លោកបានបន្ថែមថា អង្គការ អេច ល្វោនដេសិន បានដាក់មជ្ឈមណ្ឌលព្យាបាលភ្នែកចល័ត ចំនួន២ទៅកាន់ មន្ទីរពេទ្យខេត្តព្រៃវែង មជ្ឈមណ្ឌលព្យាបាលភ្នែកចល័តនេះ ត្រូវបានបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីធ្វើការវះកាត់ជំងឺភ្នែកឡើងបាយលើអ្នកជំងឺក្នុងរយៈពេល២៥នាទី។
ក្រុមគ្រូពេទ្យចិនដំបូងគេ គឺមកពីតំបន់ស្វយ័តខេត្ត Guangxi Zhuang ភាគនិរតីនៃប្រទេសចិន ដែលមានក្រុមគ្រូពេទ្យឯកទេសភ្នែក គិលានុបដ្ឋាយិកា និងអ្នកជំនាញបច្ចេកទេសឆ្នើមចំនួនប្រាំបួននាក់ដែលបានមកដល់ ប្រទេសកម្ពុជានៅ ថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រុមការងារគ្រូពេទ្យ គឺមានបទពិសោធន៍យ៉ាងជ្រាលជ្រៅពីមុនក្នុងការវះកាត់ជំងឺ ភ្នែកឡើងបាយនៅក្នុងខេត្តកំពង់ចាម មុនពេលផ្ទុះជំងឺកូវីដ១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។ លោកមានមោទនភាពថា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យនៃ GX-Guangxi បានចាប់ផ្តើម និងបានបញ្ចប់ការវះកាត់ដោយជោគជ័យសម្រាប់ជុំទី១ ចំនួន៤០២នាក់ នៅប្រទេសឡាវកាលពី៥សប្ដាហ៍មុន៕