(ភ្នំពេញ)៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅបរិវេណពហុកីទ្បដ្ឋានជាតិអូទ្បាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរ ឲ្យអាជ្ញាធរជួយជួសជុលកាំជណ្តើរឡើងរួម ការសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ និងការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិផ្ទះសំបែងជាដើម។

វេទិកានេះធ្វើឡើង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានី តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ វេទិកានេះ ប្រជាពលរដ្ឋបានលើកឡើង ជាសំណួរ និងសំណើរដោយផ្ទាល់មាត់ ចំនួន៤នាក់ និងសំណើជាលាយលក្ខណ៍អក្សរ ចំនួន៧បញ្ហា។

ចំពោះសំណួរ និងសំណើរផ្ទាល់មាត់រួមមាន ប្រជាពលរដ្ឋរស់នៅភូមិ៥ សង្កាត់អូឬស្សីទី៤ បានស្នើ និងសំណូមពរ ឲ្យអាជ្ញាធរ ជួយជួលជុលកាំជណ្តើរឡើងរួម ដោយជណ្តើរនោះ ពុកផុយងាយនឹងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ រាប់សិបគ្រួសារ។ ប្រជាពលរដ្ឋរស់នៅភូមិ១២ សង្កាត់វាលរង់ ស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ និងការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិ ផ្ទះសំបែងឲ្យបានលឿន ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះដែរនោះ។

ចំពោះការលើកឡើងជាសំណើរផ្ទាល់មាត់ ទាំង៤នាក់ខាងលើនេះ ត្រូវបានលោក ថេង សុថុល អភិបាលខណ្ឌមករា បញ្ជាក់ថា ចំពោះការស្នើសុំជួលជុលកាំជណ្តើរឡើងរួម នៅភូមិ៥ សង្កាត់អូឬស្សីទី៤ លោកបានឲ្យមន្ត្រីជំនាញចុះសិក្សាហើយ។ លោកបន្តថា ការជួសជុលកាំជណ្តើរឡើងរួមនេះ មិនមែនចេះតែធ្វើនោះទេ ពោលគឺទាមទាការសិក្សាពីលក្ខណៈបច្ចេកទេសជាមុនសិន ទើបអាចជួសជុលបាន ជៀសវាងគ្រោះថ្នាក់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះអាជ្ញាធរបានយកចិត្តទុកដាក់ហើយ។

ចំពោះការស្នើសុំជួយទប់ស្កាត់ក្មេងទំនើង ទប់ស្កាត់ចោរគាស់ផ្ទះ ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ បាននិងកំពុងប្រឹងប្រែង ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ដោយឡែក ចំពោះការស្នើសុំជួយពន្លឿនការផ្តល់កម្មសិទ្ធិ ផ្ទះសំបែង ឲ្យបានលឿននោះ លោកក៏បានបញ្ជាក់ផងដែរថា ការងារនេះ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ណាស់ ដោយបានបញ្ជាឲ្យលោក ឃ្លាំង ហួត អភិបាលរងរាជធានី​ចុះមកអនុវត្ថការងារនេះជាបន្តបន្ទាប់ ប៉ុន្តែដោយសារការងារច្រើនពេក ពាក់ព័ន្ធកិច្ចប្រជុំអាស៊ានទើបការងារនេះត្រូវបានលើកពេលជាបន្តបន្ទាប់។ តែទោះជាយ៉ាងណាក្តីការងារនេះ នឹងពន្លឿនឲ្យបានលឿនទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះ ត្រូវបានខកខាន ដោយការរាតត្បាតជំងឺកូវីដ-១៩ មិនបានជួបជុំគ្នាបែបនេះទេ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍ នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន៕