Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូង មន្ដ្រីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្តកោះកុង

06-12-2022 12:28

(កោះកុង)៖ មហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះធ្វើអធិការកិច្ចនៅអយ្យការអមសាលាដំបូងខេត្តកោះកុង, មន្ដ្រីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្ដកោះកុង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។

ការចុះអធិការកិច្ចនេះ ដឹកនាំដោយលោក ប៉ាក ចន្ទសំបូរ អនុប្រធានសាលាឧទ្ធរណ៍ តំណាងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ, លោក សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការសាលាឧទ្ធរណ៍ព្រះសីហនុ, លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង, លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង រួមទាំងព្រះរាជអាជ្ញារង ចៅក្រម និងមានការចូលរួមពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីពន្ធនាគារជាច្រើនរូប។

លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង បានលើកឡើងថា ការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចដែលសាលាដំបូង និងអយ្យាការសាលាដំបូងខេត្តឃើញថា ករណីបទល្មើសនានានគរបាលយុត្តិធម៌បង្រ្កាប និងកសាងសំណុំរឿងបានល្អស្របតាមច្បាប់ ហើយមានការថយចុះជាងឆ្នាំមុនៗ ពីព្រោះប្រជាពលរដ្ឋយល់ដឹងពីច្បាប់បានច្រើន។

លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាក់ថា សាលាដំបូងខេត្តកោះកុង បានធ្វើផ្សព្វផ្សាយនៃប្រព័ន្ធផ្លូវច្បាប់នៅតាមបណ្តាស្រុកនីមួយៗ ក្នុងខេត្តកោះកុង និងមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីសាមីមន្ទីរស្រុកមេឃុំ មេភូមិ និងសមត្ថកិច្ចតាមមូលដ្ឋាន ដើម្បីឲ្យគាត់បានយល់ពីការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងអនុវត្តច្បាប់ទៅលើបទល្មើសអី្វមួយ។

លោកបានបន្ថែមថា ឆ្នាំនេះការចុះអនុវត្តច្បាប់របស់អយ្យការមន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារមានថយចុះច្រើន ដោយមន្ត្រីអនុវត្តច្បាប់ចុះការផ្សព្វផ្សាយ និងពន្យល់ប្រជាពលរដ្ឋបានច្រើន កុំឲ្យមានការប្រព្រឹត្តបទល្មើសផ្សេងៗនាំបញ្ហាដល់ខ្លួន។

លោក ប៉ាក ចន្ចសំបូរ អនុប្រធានសាលាឧទ្ធរណ៍ តំណាងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ បានបញ្ជាក់ដែរថា ការចុះអធិការកិច្ចនៅអយ្យការសាលាមន្ត្រីនគរបាលយុត្តិធម៌ និងពន្ធនាគារក្នុងដែនសម្ថកិច្ចរបស់សាលាឧទ្ធរណ៍ ព្រះសីហនុ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ក្រោយពីលោកបានទទួលរបាយការណ៍ និងសេចក្តីរាយការណ៍របស់ប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ពីការអនុវត្តច្បាប់របស់អយ្យការ មន្ត្រីនគរបាលយុត្តិធម៌ និងការងារពន្ធនាគារ ការអនុវត្តបានល្អក្នុងកសាងសំណុំរឿង និងបទល្មើសមានថយចុះ និងបានចុះផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់យល់ដឹងពីច្បាប់បានច្រើនផងដែរ៕