(ភ្នំពេញ)៖ លោក ឡុង កុសល អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលលិខិតផ្លូវការណាមួយ ពីខាងគណបក្សសង្គ្រោះជាតិ (CNRP) ជុំវិញការរៀបចំប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ស្អែកនោះទេ។
មន្រ្តីអាជ្ញាធរជាតិអប្សរារូបនោះបានបញ្ជាក់ថា «ពិធីណាក៏ដោយ ត្រូវតែមានការសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា មុនការប្រារព្ធរៀបចំនៅរមណីយដ្ឋានអង្គរ»។
សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ដែលអង្គភាព Fresh News បានឲ្យដឹងថា «បានធ្វើការអំពាវនាវដល់គណបក្សសង្រ្គោះជាតិ មេត្តារួសរាល់បំពេញបែបបទតាមនិតិវិធី របស់អាជ្ញាធរជាតិអប្សរា ដើម្បីប្រារព្ធពិធី។ អាជ្ញាធរជាតិអប្សរាមានការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងផលប៉ះពាល់មកដល់បេតិកភណ្ឌ បណ្តាលមកពី ការប្រារព្ធពិធីដែលគ្មានការអនុញ្ញាត, ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ជាធរមានពាក់ព័ន្ធនឹងឧបទ្ទវហេតុជាយថាហេតុ ដែលកើតចេញអំពីការប្រារព្ធពិធីនេះ»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពុំទាន់ទទួលបានសំណើផ្លូវការណាមួយ ពី CNRP ជុំវិញការប្រារព្ធពិធីនៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នោះទេ។ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា «ពុំមានពិធីណាមួយ ដែលគ្មានការពិនិត្យ និងសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ត្រូវបានប្រារព្ធរៀបចំ នៅក្នុងរមណីយដ្ឋានអង្គរនោះទេ»៕