(ភ្នំពេញ)៖ សិក្ខាកាមជាង ១០០នាក់ មកពីបណ្តាក្រុមហ៊ុន និងប្រតិបត្តិករមួយចំនួនក្នុងវិស័យកសិកម្ម ផលិតផលចំណីអាហារ និងដឹកជញ្ជូន ប្រធានបទ និងសកម្មភាពសំខាន់ៗ រួមមានទិដ្ឋភាពទូទៅនៃទីផ្សារសហរដ្ឋអាមេរិក តម្រូវការជាមូលដ្ឋាន និងបែបបទកត្តិយុត្តស្របតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ការដឹកជញ្ជូន ការរក្សាទុកផលិតផល និងដំណើរការនៃការរៀបចំឯកសារគយ សម្រាប់នាំទំនិញចូលសហរដ្ឋអាមេរិក។

សិក្ខាសាលានេះ ផ្តួចផ្តើមដោយសមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដោយមានកិច្ចសហការ និងគាំទ្រពីសហគ្រិនខ្មែរ (KE), សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា (AmCham), សារព័ត៌មាន Khmer Times និង Fresh News បានសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ «ការនាំចេញផលិតផលចំណីអាហារ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក» នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម IDI និងក្រុមហ៊ុន ID Capital បានថ្លែងថា «សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា»

យោងតាមរបាយការណ៍ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាក ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានទំហំ ៧ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ដែលមានការកើនឡើងប្រមាណ២៩.៤% បើប្រៀបធៀបនឹងរយៈពេលវេលាដូចគ្នាកាលពីឆ្នាំ២០២១។ ខណៈដែលការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិករួមមាន៖ ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ កង់ និងផលិតផលគ្រឿងសង្ហារឹម ការនាំចូលរួមមានរថយន្ត គ្រឿងចក្រ គ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច។

លោកបណ្ឌិតបានបន្តថា «គោលបំណងចម្បងនៃការរៀបចំសិក្ខាសាលានេះឡើង គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយស្វែងរក និងបង្កើនលទ្ធភាពនាំចេញផលិតផលកសិកម្ម និងចំណីអាហារទៅកាន់គោលដៅនាំចេញដ៏ធំបំផុតនៅលើពិភពលោកគឺសហរដ្ឋអាមេរិក ដែលការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករកម្ពុជា និងភាគីពាក់ព័ន្ធនានាក្នុងវិស័យកសិកម្ម និងផលិកកម្មចំណីអាហារ។ យើងសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ ផលិតផលកសិកម្ម និងចំណីអាហារនឹងក្លាយជាមុខព្រួញមួយទៀត សម្រាប់ការនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលអាចនឹងបង្កើនបរិមាណផលិតកម្ម បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងប្រាក់ចំណេញសម្រាប់អ្នកនាំចេញផងដែរ»

ជាមួយគ្នាផងដែរ កម្មវិធីសំណួរចម្លើយ ការដាក់តាំងបង្ហាញផលិតផល និងកិច្ចសំណេះសំណាលវាងសិក្ខាកាម និងអ្នកបញ្ជាទិញក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីផងដែរ។ រីឯវាគ្មិនរួមប្រធាននាយកប្រតិបត្តិក្រុមហ៊ុនឯកជនមួយចំនួន ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងការនាំផលិតផលចំណីអាហារ ចូលសហរដ្ឋអាមេរិក (ធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមដោយផ្ទាល់) និងមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) (ចូលរួមតាមរយៈកម្មវិធី Zoom)៕