(បន្ទាយមានជ័យ)៖ លោកឧនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានផ្តល់ផ្ទះមួយខ្នង ជូនអតីតយុទ្ធជន (អតីតយោធា) ដែលមានសមាជិក៤នាក់ ប្តីប្រពន្ធនិងកូន២នាក់ស្ថិតនៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្រ។
លោក អាត់ ខែម សមាជិកគណៈអចិន្រ្តៃយ៍ គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងនគរបាល សហការជាមួយយោធា នៅកងពលលេខ៥១ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ចុះទៅជួយធ្វើផ្ទះជូន អតីតយោធារូបនេះ និងក្រុមគ្រួសារ ដើម្បីមានទីជំរកឲ្យបានសមរម្យ។
លោក អាត់ ខែម បានថ្លែងទៀតថា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនិងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការរស់នៅប្រចាំរបស់ប្រជាជន ហើយសម្រាប់ខេត្តបន្ទាយមានជ័យវិញ គឺលោក កែ គឹមយ៉ាន បានដាក់ទិសដៅអោយផ្ទះ របស់ប្រជាពលរដ្ឋ ប្រែក្លាយពីប្រកស្លឹក ប្រកស្បូវមកប្រកស័ង្កសីទាំងអស់។
លោក អាត់ ខែម បានបន្តទៀតថា សម្រាប់យុទ្ធនាការជួយជួសជុលផ្ទះ និងសង់ផ្ទះជូនប្រជាពលរដ្ឋនោះ គឺធ្វើឡើងជាបន្តបន្ទាប់រហូតដល់ គោលដៅដែលបានកំណត់ ក្រោមការណែនាំផ្ទាល់ពីលោកប្រធាន ក្រុមការងារតែម្តង៕