(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្តសៀមរាប សហការជាមួយ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមបណ្តាភ្លើងស្តុបក្នុងក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា សកម្មភាព ចុះប្រតិបត្តិការណ៍ធ្វើការរឹតបន្តឹង និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខេត្តសៀមរាបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី ដាស់តើនក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូប ឱ្យមានការប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ ព្រោះខេត្តសៀមរាប ជាតំបន់ទេសចរណ៍ផង។

លោកបន្ថែមថា ជាលទ្ធផលបន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះ ធ្វើការផ្សព្វផ្សាយអប់រំតាមគ្រប់រូបភាពក៏ដូច ជាបន្ទាប់ពីបានធ្វើការរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកទាំងពេលថ្ងៃ និងពេលយប់រួច សមត្ថកិច្ចបានសង្កេតឃើញថា អ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក តែនៅសេសសល់មួយភាគតូចតែប៉ុណ្ណោះ ដែលមិនព្រមចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យល្អប្រសើរតែទោះបីជា យ៉ាងណាក៏ដោយក្នុងនាម ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្តការងារជំនាញរបស់ខ្លួន ឱ្យបានជាប្រចាំ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរ ឱ្យស្របទៅនឹងពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕