(កំពង់ស្ពឺ)៖ គំរោងបោះជំរុំនៅលើភ្នំគីរីរម្យនាព្រឹកថ្ងៃទី ១៨ខែមិថុនា ឆ្នាំ២០១៦ ដែលគេបានឲ្យឈ្មោះថា «បោះជំរុំគីរីរម្យឋានសួរទេសភាព» ដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួម ពីសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ស្ពឺ សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ និងសហភាពសហពន្ធ័យុវជនកម្ពុជាវិសយ័បរិស្ថាន រួមទាំងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការប្រារព្ធនេះគឺធ្វើឡើងចាប់ពីថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ ដែលមានអ្នកចូលរួមបោះជំរុំប្រមាណជាង៥០០នាក់។

ប្រធានមន្ទីរបានបញ្ចាក់ថា ការបោះជំរុំគីរីរម្យឋានសួរទេសភាព ក្រុមការងារ និងបំផុសឲ្យអ្នកចូលរួមទាំងអស់ បាននាំគ្នាដាំដើមឈើជាច្រើនពាន់ដើម ក្នុងនោះមាន ដាំដើមឈើប្រភេទផ្កាជម្ពូវ៉ាន់គ្លីហ្វ (ផ្កាសាគូរ៉ា) ចំនួន ១០០០ដើម ដើមប៉ប្រក (លំពែងព្រៈរាម) និងប្រភេទផ្កាអរ័គីដេ ចំនួន២០១៦ដើម ជានិមិត្តនៃការ (បោះជំរុំគីរីរម្យឋានសួរទេសភាព២០១៦)។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិង លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមយុវជន និងនិសិត្សទាំងអស់ដើរលំហែកាយកំសាន្ត តាមទីតាំងសំខាន់ៗនៃឧទ្យានជាតិ រួមទាំងបានបង្កើតកម្មវិធីថតប្រឡងអ្នកថតរូបស្អាត នៅលើឧទ្យានជាតិថែមទៀត។

សកម្មភាពរបស់លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្តកំពង់ស្ពឺ ធ្វើឡើងនេះ ត្រូវបានគេនិយាយថាជាគំនិត និងបំណងបំផុតដល់មហាជន ឲ្យមានស្មារតីគំនិតចូលរួមសកម្មភាពថែទាំ ស្រឡាញ់ ចំពោះបរិស្ថាន មិនតែប៉ុណ្ណោះបង្កើនភាពស្និតស្នាល សាមគ្គីភាពរបស់ក្រុមយុវជន ហើយជាពិសេសគឺការធ្វើឲ្យឧទ្យានជាតិ ទាំងមូលមានភាពស្រស់បំព្រង ល្បីល្បាញតាមរយៈការជួយផ្សព្វផ្សាយរបស់ក្រុមអ្នកបោះជំរុំ ដល់ភ្ញៀវទេសចរណ៏ទាំងជាតិ និងអន្តរជាតិមកកំសាន្ត បង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ និងក្នុងសហគមន៍នៅទីនោះដោយផ្ទាល់។

អ្វីដែលយើងធ្វើ វាបានឆ្លុះបញ្ជាំងពីការប្រែប្រួល របស់ប្រជាជនកម្ពុជា ហើយវាក៏ឆ្លុះបញ្ចាំង ពីការប្រែប្រួលនៃជីវភាពប្រជាជន ពីមុនតំបន់ឧទ្យាន នៅគីរីរម្យជាចំនុចសង្គ្រាមឥឡូវនេះ​ ជាកន្លែងកំសាន្ដ សម្រាប់ថ្ងៃចុងសប្តាហ៍ដើម្បីបោះតង់ ធ្វើបាប៊ីឃ្យូ ជួបជុំគ្នា ហើយនេះបានឆ្លុះបញ្ចាំងពីការប្រឹងប្រែរបស់យើង ដែលបានធ្វើឲ្យវាទៅជាតំបន់ អេកូទេសចរណ៍ដោយជោគជ័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។