(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ។

បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា, សីលធម៌-ពលរដ្ឋវិជ្ជា។

ចំពោះដំណើរការសំណេរនាពេលរសៀលវិញ មានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ។

សូមជម្រាបថា សម្រាប់ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។

អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២ ៧០០នាក់។

នៅថ្ងៃទី១នៃការប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនអវត្តមានចំនួន ២៣៤០នាក់ ស្រី១០២៨នាក់ មានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩៕