(ភ្នំពេញ)៖ លោក សោម អូន ប្រធានសហជីពជាតិកម្ពុជា បានបង្ហាញពី រូបមន្តគ្រឹះទាំង៧ចំណុច ដែលមានលក្ខណៈ ជាវិទ្យាសាស្ត្រ ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ជុំវិញការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៧។
លោក សោម អូន បានបន្តថា រូបមន្តគ្រឹះ ទាំង៧ចំណុច ដោយបែងចែកជាពីរ គឺ លក្ខណៈវិនិច្ឆ័យបែបសង្គមរួមមាន ស្ថានភាពគ្រួសារ, អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ និងជាលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច រួមមាន ផលិតភាព, ភាពប្រកួតប្រជែង, ស្ថានភាពទីផ្សារការងារ, កំរិតចំណេញរបស់វិស័យ។
មេសហជីពរូបនេះ បានបញ្ជាក់ឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ខ្លួនថា «ការចរចាប្រាក់ឈ្នួលអប្បបរមា គឺជាការធ្វើឡើង ជារៀងរាល់ឆ្នាំ តាមកាលវិភាគរបស់ក្រសួងការងារដែល មានការឯកភាពពីយន្តការត្រីភាគី មិនមែនជាការចរចាតាមការស្នើសុំពីភាគី ណាមួយទេ»។
បន្ថែមពីលើនេះ លោក សោម អូន ប្រធានសហជីពជាតិកម្ពុជា បានបញ្ជាក់ទៀតថា តាមកាលវិភាគគឺ ខែកក្កដា ២០១៦ ចាប់ផ្តើម ពិភាក្សាផ្ទៃក្នុង នៃភាគី ចំណែកនៅខែសីហា ២០១៦ ចាប់ផ្តើពិភាក្សាទ្វេរភាគី និងនៅ ខែកញ្ញា ២០១៦ ចាប់ផ្តើមចរចាត្រីភាគី ហើយនៅខែតុលា ២០១៦ LAC ប្រជុំពិភាក្សាបញ្ចប់ និងចុងក្រោយ នឹងចាប់អនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា គណៈកម្មការប្រឹក្សាការងារ បានបង្កើតក្រុមការងារត្រីភាគីមួយទៀត ដែលមានសមាសភាព៩រូប មកពីខាងសហជីព៩រូប មកពីខាងនិយោជក (GMAC) និង៩រូបមកពី ខាងរាជរដ្ឋាភិបាល ដើម្បីធ្វើការចរចា រកចំណុចប្រហាក់ប្រហែលគ្នាមួយ ដើម្បីដាក់ជូនដល់គណៈកម្មការប្រឹក្សាការងារសម្រេច។
យោងតាមសេចក្តីជូនដំនឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថាចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខនេះ៕