(ភ្នំពេញ)៖ រថយន្តស៊េរីថ្មីទំនើបបំផុត ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ដែលបាននាំចូលនិងចែកចាយ ផ្ដាច់មុខ ដោយក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) បានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេស កម្ពុជាហើយ បន្ទាប់ពីរថយន្តទាំងពីរម៉ូដែលនេះ កំពុងតែពេញនិយមខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅតាមបណ្ដាប្រទេសនានា ជុំវិញពិភពលោក។ ពិធីបើកសម្ពោធនាំចូលរថយន្តថ្មី ម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ត្រូវបានធ្វើឡើងយ៉ាង អធិកអធ័ម នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ដោយមានការចូលរួមពីសំណាក់ អ្នកជំនួញ ពាណិជ្ជករ និងដៃគូពាណិជ្ជកម្ម ជាច្រើននាក់ ។
ថ្លែងនៅក្នុងឱកាសនោះ លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា អគ្គនាយកក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី បានមានប្រសាសន៍ថា ដោយសារតែលោកបានមើលឃើញ ពីសក្ដានុពល នៃភាពរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ទើបលោកបាន សម្រេចចិត្ត ដាក់ទុនវិនិយោគ ដោយបាននាំចូលរថយន្តទំនើប ទាំងពីរម៉ូដែលនេះ គឺម៉ាកIsuzu D-Max Blue Power និង Isuzu Mu-X Blue Power ចូលមកកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ។ លោកមើលឃើញថា ប្រទេសកម្ពុជាមានកំណើន សេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការពេញនិយមពីសំណាក់បងប្អូន ក្នុងប្រទេសនេះ ក៏ឃើញថា មានសន្ទុះកើនឡើងជាលំដាប់ ដែលធ្វើឲ្យក្រុមហ៊ុនរំពឹងថា Isuzu D-Max Blue Power និង Isuzu Mu-X Blue Power អាចប្រកួតប្រជែងក្នុងទីផ្សាររថយន្ត ប្រកបដោយទំនុកចិត្តខ្ពស់។
អគ្គនាយកដែលជាជនជាតិជប៉ុនរូបនេះ បានបន្តថា ក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី (Tri Petch Isuzu Sale Co.,Ltd ) ឬហៅកាត់ថា TIS ដែលជាក្រុមហ៊ុនចែកចាយ រថយន្ត Isuzu តែមួយគត់នៅក្នុងប្រទេសថៃ កំពុងតែមានកេរ្តិ៍ឈ្មោះ ប្រកបដោយទំនុកចិត្ត ក្នុងការនាំមុខគេ នៅលើទីផ្សាររថយន្តភីកអាប់ ប្រើដោយប្រេងម៉ាស៊ូត ព្រមជាមួយនឹងបទពិសោធន៍ ប្រមាណ៦០ ឆ្នាំកន្លងមកហើយ នៅក្នុងទីផ្សារប្រទេសថៃ។ TIS បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជើងដ៏រឹងមាំ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដោយនាំមកនូវ រថយន្ត ដែលមានគុណភាពខ្ពស់ ចំនួនពីរម៉ូដែល គឺម៉ាក Isuzu D-Max Blue Power និង Isuzu Mu-X Blue Power ។ TIS ក៏បានត្រៀមខ្លួន រួចជាស្រេច ក្នុងការធ្វើប្រតិបត្តិការលក់ ព្រមទាំងផ្ដល់សេវាកម្ម ក្រោយពេលលក់ដ៏ល្អបំផុត ដើម្បីបង្កើនទំនុកចិត្ត ពីអតិថិជនរបស់ខ្លួននៅក្នុង ទីផ្សារប្រទេសទាំងពីរ ឲ្យកាន់តែមានការជឿទុកចិត្ត។
លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា បានបន្តថា សមិទ្ធិផលដ៏ល្អប្រសើរ ក្នុងរយៈពេល៦០ឆ្នាំ កន្លងមកបានធ្វើឲ្យ TIS ទទួលបាននូវទំនុកចិត្តពី Isuzu Motor (ប្រទេសជប៉ុន) ដែលផ្តល់សិទ្ធិឲ្យ TIS នាំចេញរថយន្ត «Isuzu D-Max» និង «Isuzu MU-X» មកក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ ប្រទេសទាំងពីរនេះ កំពុងតែមានសក្តានុពលទីផ្សារ ដ៏អស្ចារ្យ ដោយសារមានកំណើន GDP ៧% នៅកម្ពុជា និង ៦% នៅឡាវ។ កំណើន GDP នេះគឺជាជំហានសំខាន់ដំបូងបង្អស់ សម្រាប់ TIS និង «Isuzu» ក្នុងការឈានជើងចូលក្នុង ទីផ្សារអាស៊ាន។
លោកបន្ថែមថា គោលការណ៍របស់ TIS គឺត្រូវផលិតរថយន្ត ដ៏ល្អឥតខ្ចោះ «Premier» របស់ម៉ាក Isuzu នៅក្នុងប្រទេសកម្ពុជា ដោយប្តេជ្ញា បន្តអនុវត្តតាម ទស្សនៈនៃប្រតិបត្តិការ ពាណិជ្ជកម្មដែលបានប្រើប្រាស់ ក្នុងអាជីវកម្មអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ នៅក្នុងប្រទេស ថៃ។ ទស្សនៈនេះ ត្រូវបានគេហៅថា «Isuzu spririt» ពោលគឺ «ផ្តល់សុភមង្គល និងវិបុលភាពដល់អ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់ សង្គមជាតិ» ដើម្បីលើកកម្ពស់ស្តង់ដា របស់ក្រុមហ៊ុន តំណាងលក់រថយន្ត Isuzu ទាំងលើការលក់ និងការផ្តល់សេវាក្រោយពេលលក់ ព្រមទាំងជួយបង្កើនចំណេះដឹង និងសមត្ថភាពរបស់បុគ្គលិក។ ខណៈដែលអតិថិជនប្រើប្រាស់រថយន្ត ដែលមានតម្លៃស័ក្តិសម បំផុតទៅនឹង តម្លៃនៃសាច់ប្រាក់ ដែលអតិថិនជនបានចំណាយ ពោលគឺមានគុណភាពខ្ពស់បំផុត មានភាពធន់បំផុត អាចសន្សំសំចៃប្រេងបានច្រើន មានតម្លៃលក់បន្តល្អបំផុត មានសេវាកម្មក្រោយការលក់ ជាមួយនឹងគ្រឿងបន្លាស់គ្រប់គ្រាន់ ដែលធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្ត និងពេញចិត្តគ្រប់ទិដ្ឋភាព ផងដែរ។
លោក តូហ្ស៊ីអាគិ ម៉េកកាវ៉ា បានសង្កត់ធ្ងន់ថា ក្រៅពីការកសាងកេរ្តិ៍ឈ្មោះ «Isuzu» ឲ្យមានភាពរឹងមាំ សព្វថ្ងៃ TIS បានត្រៀមរួចជាស្រេច ក្នុងការនាំមកនូវ ផលិតផលដែលមានគុណភាពអស្ចារ្យ គឺរថយន្តភិកអាប់ ដ៏ល្អឥតខ្ចោះ «New! Isuzu D-Max Blue Power» និងរថយន្ត SUV ដ៏ល្អឥតខ្ចោះ «New! Isuzu MU-X Blue Power»។ រថយន្តទាំងពីរប្រភេទនេះ មានភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងតម្លៃសមរម្យបំផុត បើធៀបទៅនឹងតម្លៃនៃសាច់ប្រាក់ ដែលអតិថិជនបានចំណាយ ពោលគឺ ផ្តល់អត្ថប្រយោជន៍ខ្ពស់បំផុត ពីម៉ាស៊ីនម៉ាស៊ូត «New Blue Power» ដែលត្រូវបានគេទទួលស្គាល់ថា វាផ្តល់នូវថាមពលខ្លាំង និងការសន្សំសំចៃប្រេងច្រើន ដែលឆ្លើយតមទៅនឹង តម្រូវការអ្នកប្រើប្រាស់។ ការនាំមកជាមួយនូវបច្ចេកវិទ្យា Isuzu Insiht គឺជាបច្ចេកវិទ្យានៃអនាគតកាល ដែលត្រូវបានបំពាក់ផ្តាច់មុខ ជាមួយរថយន្ត ISUZU បច្ចេកវិទ្យានេះ នឹងកត់ត្រាឥរិយាបទ របស់អ្នកបើកបរ និងសង្ខេបទិន្នន័យ ទៅជារបាយការណ៍ Webgraph ដែលងាយស្រួលយល់ អាចឲ្យអ្នកបើកបរអាចស្វែងយល់ និងកែលំអឥរិយាបទ បើកបររបស់ខ្លួន ដើម្បីការសន្សំសំចៃប្រេងច្រើន និងសុវត្ថិភាព ក្នុងពេលបើកបរ។
ដោយឡែកលោក អាគីវ៉ា អូដាហ្គាគិ នាយកគ្រប់គ្រងក្រុមហ៊ុន ទ្រី ផេក អ៉ីស៊ូហ្ស៊ុ សេល ខូអិលធីឌី បានថ្លែងប្រាប់ពីលក្ខណៈពិសេសៗ របស់រថយន្តទាំងពីរម៉ូដែលនេះថា រថយន្ត Isuzu D-Max Blue Power គឺជារថយន្តភីកអាប់ ទំនើបបំផុត ដែលបានលក់ចេញអស់ប្រមាណ ៣លានគ្រឿងនៅទូទាំងពិភពលោក ស៊េរីនេះ គឺជាម៉ូដែលតែមួយគត់ ក្នុងឧស្សាហកម្មរថយន្តភីកអាប់ ដែលម៉ូដែលនីមួយនៃ Isuzu ផ្ដល់នូវលក្ខណៈវិសេសខុសគ្នា ។ Isuzu D-Max Blue Power គឺជារថយន្តដ៏មានតម្លៃបំផុត ដោយសារតែភាពទាន់សម័យលើការរចនា ខាងក្រៅ បែបស្ព័រ និងស្រស់សង្ហា ហើយការរចនាផ្នែកខាងក្នុង ផ្ដល់នូវភាពងាយស្រួលបំផុត ជាមួយនឹងឧបករណ៍ជំនួយ ដ៏សម្បូរបែប។
លោកបន្តថា ដោយឡែករថយន្ត Isuzu MU-X Blue គឺជារថយន្តប្រើប្រាស់លក្ខណៈស្ព័រល្អបំផុត ដែលឆ្លុះបញ្ចាំងពីភាពប្រណិតនិងភាព ឥខ្ចោះគ្រប់ទិដ្ឋភាព ។ ការរចនាខាងក្រៅ ដ៏ទាន់សម័យរមលេចនូវលក្ខណៈស្ព័រ និងផ្ដល់នូវអារម្មណ៍យ៉ាងរំភើប ដល់ម្ចាស់រថយន្តដែលឆ្លុះ បញ្ចាំងពីភាពវិសេសលេចធ្លោបំផុត របស់រថយន្តនេះ ផ្នែកខាងក្នុងដែលមានទំហំធំទូលាយ ផ្ដល់នូវផាសុខភាព ជាមួយនឹងការបំពាក់ នូវសម្ភារៈប្រណិត និងមុខងារសំខាន់ៗជាច្រើនយ៉ាង ៕