(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមជាមួយសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ដែលបានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរួបរួមបច្ច័យកសាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី២ ដែលមានកម្ពស់៧ជាន់ មានជាង១ម៉ឺនម៉ែត្រការ៉េ ក្នុងរង្វង់តម្លៃ៤លាន៧សែនដុល្លា ដែលអាចផ្ទុកនិស្សិតបាន១ម៉ឺននាក់។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះធ្វើឡើងនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានលើកឡើងថា អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា មានសង្ឃដីកាថ្លែងអំណរគុណដល់លោកអភិបាលខេត្តកណ្ដាល លោកឧកញ៉ា ភឺន ផល្លា និងអរគុណដល់សប្បុរសជនទាំងអស់គ្នា ដែលបានឧបតម្ភថវិកាមកជាហូរហែ។

សម្ដេចសង្ឃបន្ថែមថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទីតាំងទី២ កំពុងខ្វះខាតថវិកាសម្រាប់ការសាងសង់ ពោលគឺទើបបុកគ្រឹះបានប្រមាណ៨០%ប៉ុណ្ណោះ ប៉ុន្តែថវិកាត្រូវបានចំណាយអស់ហើយ សូមពុទ្ធបរិស័ទគ្រប់ទិសទីនឹងចូលរួមបច្ច័យជួយសាងសង់អគារកម្ពស់៧ជាន់នេះឱ្យរួចជាស្ថាពរនាពេលខាងមុខ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានមានសង្ឃដីកាបន្ថែមថា ចំពោះថង់ប្រាក់វិញសូមប្រជាពលរដ្ឋចំណាយបច្ច័យរៀងៗខ្លួនតែ៥០០រៀលក្ដី ១ពាន់រៀលក្ដីក្នុងមួយថ្ងៃ ដែលអាចបរិច្ចាគជារៀងរាល់ថ្ងៃបាន ដើម្បីជួយទ្រទ្រង់សម្រាប់ការសាងសង់អគារសាកលវិទ្យាល័យនេះឱ្យមានដំណើរការទៅមុខ។

សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងសាស្ត្រាចារ្យជំនាញឯកទេសជាង១០០នាក់ ដែលសុទ្ធសឹងតែជាសាស្ត្រាចារ្យកម្រិតបណ្ឌិតមានបទពិសោធន៍ចាប់ពី២០ឆ្នាំទៅ៣០ឆ្នាំ ពោរពេញទៅដោយបទពិសោធន៍ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សកម្រិតឧត្តមសិក្សាជាមួយនឹងការប្ដេជ្ញាចិត្តអស់ពីកម្លាំងកាយពល ដាក់ចិត្តក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឲ្យក្លាយទៅជាធនធានមនុស្សដែលមានកម្រិតខ្លាំង។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស​ អានេតា បានសង្ឃដីកាបន្តថា សូមសិស្សនិស្សិតដែលមានបំណងចង់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាអញ្ជើញរួសរាន់មកទទួលពាក្យ ដើម្បីទទួលបានឱកាសក្នុងការសិក្សាដែលឥតគិតថ្លៃ ពោលគឺសាកលវិទ្យាល័យទទួលសិស្សមានកម្រិតត្រឹម១ពាន់នាក់ប៉ុណ្ណោះ ខណៈដែលការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងខិតជិតមកដល់នេះ ដូច្នេះសាកលវិទ្យាល័យរំពឹងទុកថានឹងមានសិស្សនិស្សិតមកចុះឈ្មោះយ៉ាងច្រើនកុះករ ព្រោះការសិក្សាគឺមិនគិតថ្លៃនោះទេ គ្រាន់តែបរិច្ចាកជាវិភាគទាន៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែកម្រិតនៃការបណ្ដុះបណ្ដាលគឺស្របតាមស្តង់ដាជាតិ ដែលមានសាស្ត្រាចារ្យពោរពេញទៅដោយបទពិសោធន៍ បានដាក់ចិត្តដាក់ការយក្នុងការបណ្ដុះបណ្ដាលបង្រៀនអស់ពីចិត្ត។

សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ​ បួរ គ្រី និងបើកបវេសនកាលនៅពាក់កណ្ដាល ឬចុងខែមករា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយនឹងការចូលសិក្សាដោយឥតគិតថ្លៃ ខណៈដែលសិស្សនិស្សិតទាំងអស់ចូលរួមបរិច្ចាកវិភាគទានត្រឹមតែ៤ម៉ឺនរៀលតែប៉ុណ្ណោះក្នុង១ខែ៕