(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងប្រជុំនាព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានរបៀបវារៈចំនួន៣។

តាមសេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា របៀបវារៈទាំង៣នេះ មានដូចខាងក្រោម៖

*ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។

*ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤។

*និងទី៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍
ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ៖

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ងួន

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្ដីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

* ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤។

* កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤៕