(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន ជនទីទាល់ក្រ ចាស់ជរាឥតទីពឹង ជនពិការនិងអ្នកផ្ទុកមេរោគអេដស៍ នៅតាមខ្នងផ្ទះក្នុងភូមិ នានានៅឃុំភ្នំសំពៅ និងជួយចេញលុយជូនប្រជាពលរដ្ឋពុំមាន លទ្ធភាពធ្វើអត្តសញ្ញាណប័ណ្ណចំនួន៤០៧នាក់ ដោយមិនប្រកាន់និន្នាការ បក្សនយោបាយឡើយ ព្រមទាំងពិនិត្យមើលការចាក់ដីចំនួន៦០រថយន្ត នៅក្នុងទីស្នាក់ការបក្សឃុំផងដែរ។
លោក ហែម ថេង បានថ្លែងថា ដោយយោងតាមការណែនាំ ជាប្រចាំរបស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមកលោកបានដឹកនាំក្រុមការងារ នាំអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ដែលជាជនទីទាល់ក្រ ចាស់ជរាឥតទីពឹង ជនពិការ ក្មេងកំព្រា អ្នកផ្ទុកនិងកើតជម្ងឺអេដស៍ មានចំនួន៤ភូមិ មាន៤គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខកំប៉ុង២យួរ ប្រេងឆាចំណុះ៥លីត្រ១ដប នំធុង១ធុង និងថវិកា២០ម៉ឺនរៀល។
បន្ទាប់ពីចុះចែកអំណោយសួរសុខទុក្ខរួចមក លោកនិងក្រុមការងារបានបន្តជួបប្រជាពលរដ្ឋ បានចេញលុយជូនពួគាត់ដែលពុំមានលទ្ធភាព បង់លុយ១ម៉ឺនរៀល ដោយខ្លួនឯងធ្វើអត្តញាណប័ណ្ណ មានចំនួន៤០៧នាក់ ក្នុងឃុំភ្នំសំពៅ និងជួបប្រជាពលរដ្ឋកំពុង ធ្វើអត្តសញ្ញាណប័ណ្ណ នៅនិងកន្លែងប៉ុស្តិ៍រដ្ឋបាលផងដែរ។
លោកបានបន្តថា តាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។
បន្ទាប់មកលោកប្រធានក៏បានសំណេះសំណាល ជាមួយក្រុមការងារមូលដ្ឋាន និងចេញលុយថ្លៃចាក់ដី ក្នុងទីស្នាក់បក្សឃុំ ចំនួន៦០រថយន្ត សម្រាប់ធ្វើផ្ទះបាយថ្នាក់មូលដ្ឋាន និងសម្រាប់ពេលក្រុមការងារចុះជួយ ឃុំភ្នំសំពៅ ចុះធ្វើការងារបក្សជាប្រចាំផងដែរ៕