(ភ្នំពេញ)៖ អភិបាលខណ្ឌ៧មករា លោក ថេង សុថុល បានថ្លែងចំពោះមុខបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយលោកជូនពរបេក្ខជនប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់គ្នា និងត្រូវប្រឹងប្រែងឲ្យអស់ពី សមត្ថភាព ជាមួយនឹងការដាស់តឿងថា បើចេះគឺប្រឡងជាប់ គ្មានអ្វីជាងការខិតខំប្រឹងប្រែងរៀនសូត្រនោះទេ។
លោក ថេង សុថុល ថ្លែងបែបនេះ ខណៈចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងវិទ្យាល័យបាក់ទូក។
លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា បេក្ខជនទាំងអស់ ដែលចូលក្នុងមណ្ឌលប្រឡង ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លោកបន្ថែមថា បេក្ខជនទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានសុខាភិបាលនិងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សម្រាប់មណ្ឌលប្រឡងវិទ្យាល័យបាក់ទូកមាន៣មណ្ឌលដែលមានបេក្ខជនចូលរួមប្រឡង ប្រមាណជាង២៣០០នាក់។ គួរបញ្ជាក់ថា ដើម្បីងាយស្រួលដល់បេក្ខជន ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម (បាក់ឌុប) បានជ្រួតជ្រាបច្បាស់អំពីបំរាមដែលត្រូវហាមប្រាមចំពោះបេក្ខជននៅថ្ងៃប្រឡងនេះ គឺក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយនូវបម្រាមសំខាន់ៗ។
សូមបញ្ជាក់ថា សម្រាប់បេក្ខជនដែលមិនព្រមអនុវត្តទៅតាមបំរាមនេះទេ បេក្ខជនត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិផងដែរ៕