(កំពង់ស្ពឺ)៖ មន្រ្តីអាវុធហត្ថបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃនេះថា មន្ត្រីយោធាភូមិភាគ៣ ដែលរកស៊ីដឹកឈើបណ្ដាលឲ្យបាក់ស្ពាននៅស្រុកឈូក ខេត្តកំពត ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពត ចាប់ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ចេញដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
មន្រ្តីយោធាដែលត្រូវបានឃាត់ខ្លួនតាមដីកា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ មានឈ្មោះ ជឿន ថេង គឺម្ចាស់រថយន្តដែលជាប់ពាក់ព័ន្ធក្នុងករណីរថយន្ត (FUSO) ស្លាកលេខ តាកែវ 3A-1187 ដឹកឈើបណ្តាលឲ្យបាក់ស្ពាន ដែលស្ថិតនៅភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៦។
ក្រោយពីចាប់ឃាត់ខ្លួនបច្ចុប្បន្នបានប្រគល់ជនសង្ស័យ នឹងរថយន្ត វីហ្គោ០១គ្រឿង ទៅឲ្យអាវុធហត្ថខេត្តកំពតដើម្បីបន្តនីតិវិធី៕