(ភ្នំពេញ)៖ គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណ ដោយក្រសួងផែនការ នឹងចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ តទៅពី កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា។
នេះបើយោងតាមសេចក្តីសម្រេច ស្តីពី យន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេល មានសម្ពាធអតិផរណា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ។
សេចក្តីសម្រេចនេះបានបញ្ជាក់ថា គ្រួសារងាយរងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន៣លើក ដែលលើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ការបើកផ្តលើសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈធនាគារវីង៕