(ភ្នំពេញ)៖ ឆ្លើយតបនឹងមតិមួយចំនួនដែលបានលើកឡើងបង្អាប់លើប្រព័ន្ធអប់រំរបស់កម្ពុជា ដែលថាសញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសដទៃនោះ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានថ្លែងបញ្ជាក់ថា ការលើកឡើងបែបនោះជាមតិផ្ទាល់ខ្លួន ហើយជាការបង្អាប់ដល់ប្រជាជនខ្មែរប៉ុណ្ណោះ។
លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអមដំណើរ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុប ឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
លោក ហ៊ុន ម៉ានី បានលើកឡើងដូចនេះថា «ប្រព័ន្ធអប់រំ យុវជន និងកីឡា ជាពិសេសប្រព័ន្ធអប់រំរបស់យើង មិនដែលមានបញ្ហានោះទេ គឺយើងមានដំណាក់កាលជាបន្តបន្ទាប់ បើទោះបីជាមានអ្នកមួយចំនួននិយាយថា សញ្ញាបត្ររបស់កូនខ្មែរ មិនមានតម្លៃដូចប្រទេសនេះប្រទេសនោះ អានេះគឺជាមតិផ្ទាល់ខ្លួន ហើយជាមតិបង្អាប់ទៅលើប្រជាជនខ្មែរខ្លួនឯង ហើយប្រព័ន្ធនៃប្រទេសជាតិខ្លួនឯង»។
លោកបានបន្តថា «តែចំពោះខ្ញុំវិញ, បើសិនជាប្រព័ន្ធអប់រំយើងមានបញ្ហា ធនធានមនុស្សដែលទ្រទ្រង់នូវគ្រប់ទិដ្ឋភាពនៃប្រទេសជាតិ សង្គមជាតិ សេដ្ឋកិច្ចទាំងអស់ គឺមិនមែននាំឲ្យកម្ពុជាឡើងមកដល់រីកចម្រើនដូចសព្វថ្ងៃនេះទេ»។
កន្លងទៅក្រុមប្រឆាំងនៅក្រៅប្រទេសជាពិសេស លោក សម រង្ស៉ី បានវាយប្រហារលើប្រព័ន្ធអប់រំកម្ពុជា ដោយតិដៀលថា សញ្ញាបត្រនៅក្នុងប្រទេសមិនមានតម្លៃ។ ការរិះគន់នេះ នាំឱ្យមានប្រតិកម្មជាបន្តបន្ទាប់ពីជនរួមជាតិខ្មែរជាច្រើន។
លោក ហ៊ុន ម៉ានី បានយល់ឃើញថា អ្វីដែលនាំឱ្យប្រព័ន្ធអប់រំកម្ពុជា មានការរីកចំរើនមកដល់ពេលនេះ ជាអ្វីដែល លោក ហង់ជួន ណារ៉ុន ពេលគាត់ទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំយុជន និងកីឡា គឺការធ្វើកំណែទម្រង់ឲ្យវាស្របទៅនឹងបរិបទនៃតម្រូវការនៃការវិវឌ្ឍនៃសកលតែម្ដង ដែលក្នុងនោះប្រព័ន្ធអប់រំ ក៏ត្រូវដើរតួនាទីជាមូលដ្ឋានគ្រឹះទាំងចំណេះដឹងទូទៅ គឺត្រូវតែវិវត្តន៍ទៅតាមបរិបទដូចគ្នាដែរ ព្រោះថាវាអាចនៅដូច ១០ទៅ១៥ឆ្នាំមុនទៀតនោះទេ។
លោក ហ៊ុន ម៉ានី បានបន្ថែមដែរថា សម្រាប់ទស្សនៈដឹកនាំដ៏វែងឆ្ងាយនៃការដឹកនាំរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងការកែទម្រង់ការអប់រំនេះ គឺពិតជាមានសារៈសំខាន់ ប្រព័ន្ធអប់រំយើងអត់បញ្ហាតែយើងត្រូវវិវត្តន៍ឱ្យតាមបរិបទ ហើយខឿននៃធនធានរបស់ប្រជាពលរដ្ឋខ្មែរ ជាមូលដ្ឋានគ្រឹះដើម្បីយើងឈានទៅដល់ការចាប់យកជំនាញណាផ្សេងៗ ឲ្យវាស្របទៅតាមបរិបទផង ហើយធនធានដែលសំខាន់ជាងគេមិនថាប្រទេសណានោះទេគឺជាធនធានមនុស្សនេះឯង។
បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក៏បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សទាំងអស់ មានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងបានថ្លែងអំណរគុណចំពោះសិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯងពីមួយឆ្នាំទៅមួួយឆ្នាំ និងដឹងច្បាស់ខ្លួនឯងរួចហើយដែរ គឺអ្នកចេះគឺជាប់៕