(ភ្នំពេញ)៖ បើទោះបីជាមិនអាចធ្វើការសន្និដ្ឋានដឹងមុន អំពីសិស្សដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ថាទទួលបានច្រើនជាង ឬតិចជាងបណ្ដាឆ្នាំមុននោះ ប៉ុន្ដែលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីរំពឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ អាចនឹងទទួលបានលទ្ធផលល្អប្រសើរច្រើន។

ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ដែលត្រូវនឹងថ្ងៃចាប់ផ្ដើមដំបូង នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ហេតុផលដែលលោកហា៊នធ្វើការសន្និដ្ឋានថា ការប្រឡងឆ្នាំនេះនឹងទទួលបានលទ្ធផលល្អប្រសើរច្រើននោះ គឺដោយសារតែសិស្សានុសិស្សមានឱកាសរៀនបានច្រើន ហើយម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

លោករដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះអ្នកដែលប្រឡងចំនួននិទ្ទេស A ខ្ញុំក៏មិនអាចដឹងមុនដែរ។ ដូចឆ្នាំកន្លងទៅ ក៏យើងមិនដឹងថា និទ្ទេស A ឡើងដល់១៧០០នាក់ដែរ ហើយឆ្នាំនេះក្រសួងក៏មិនអាចដឹងមុនដែរ ចឹងនៅពេលដែលសិស្សមានឱកាសរៀនបានច្រើន ហើយខិតខំប្រឹងប្រែងរៀនសូត្រ គឺអាចទទួលបានលទ្ធផលល្អប្រសើរ»

លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ទៀតថា នៅឆ្នាំនេះ សិស្សានុសិស្សម្នាក់ៗ មានពេលវេលារហូតដល់មួយខែ ដើម្បីធ្វើការរំលឹកមេរៀនឡើងវិញ ពោលនៅពេលដែលក្រសួងអប់រំ លើកពេលប្រឡងដែលគ្រោងនឹងធ្វើឡើងតាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ ក៏ប៉ុន្ដែស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទើបប្ដូរកាលបរិច្ឆេទមកប្រឡងនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២នេះវិញ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីបានឲ្យដឹងថា សម្រាប់ប្រធានវិញ្ញាសារ គឺនៅរក្សាស្ដង់ដារដដែល ពោលស្ដង់ដារដូចបណ្ដាឆ្នាំកន្លងទៅ ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការកែទម្រង់រឹតបន្ដឹងលើដំណើរការប្រឡងដំបូង ឆ្នាំ២០១៤។

ជារួមដំណើរការប្រឡងឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡង ០៥ ធ្នូ ឆ្នាំ២០២២ បានដំណើរការទៅដោយរលូន ស្ងប់ស្ងាត់ និងមិនមានបញ្ហាអ្វីណាមួយកើតឡើងលើបេក្ខជនគ្រប់រូបមុនការប្រឡងនោះទេ។ លោករដ្ឋមន្ដ្រីបានកត់សម្គាល់ទៀតថា ចាប់ផ្ដើមតាំងពីការធ្វើកំណែទម្រង់ រហូតមកដល់ពេលនេះ នៅពេលប្រឡងសិស្សគោរពវិន័យបានល្អ ទៅតាមបទបញ្ញត្តិ មិនមានករណីណាដែលសិស្សយកសំណៅឯកសារចូលនោះទេ គឺម្នាក់ៗខិតខំប្រឹងប្រែងរៀនសូត្រ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។ ការប្រលងនេះ គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ឆ្នាំ២០២២នេះ គឺជាឆ្នាំទី៨ហើយ ដែលលោក ហង់ ជួនណារ៉ុន បានចូលមកធ្វើកំណែទម្រង់នៅក្រសួងអប់រំ យុវជន និងកីឡា។ ជាពិសេសការធ្វើកំណែទម្រង់លើការប្រលងបាក់ឌុបនេះតែម្តង ជាហេតុធ្វើឲ្យសិស្សមានការភ្ញាក់រលឹកក្នុងការរៀនសូត្រឡើងវិញ ដោយមិនផ្តេកផ្តួលលើការលួចមើលវិញ្ញាសារពេលប្រលងទៀតនោះឡើយ។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់ឌុបនេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល។

ខាងក្រោមជាប្រវត្តិសិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក៖

នៅ​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ១១នាក់​។

ឆ្នាំ​២០១៥ បេក្ខជន​ជាប់​និទ្ទេស A មាន​ចួន ១០៨នាក់​។

ឆ្នាំ​២០១៦ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤០៥នាក់។

​ឆ្នាំ​២០១៧ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤២៤​នាក់។​

ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ បេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។

ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ។ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់សរុប ៧២,០១៦នាក់ ស្មើនឹងប្រមាណ ៦៥.៦៥% (បេក្ខជនប្រលងសរុប ១១៤,១៨៣នាក់)។ ក្នងនោះ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,៧៥៣នាក់, និទ្ទេស B មានចំនួន ៥,២១៥នាក់, និទ្ទេស C មានចំនួន ១១,៦៣៤នាក់, និទ្ទេស D មានចំនួន ២៣,៤៩៩នាក់, និងនិទ្ទេស E មានចំនួន ២៩,៩១៥នាក់៕