(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

អភិបាលខេត្តកំពង់ធំបានលើកឡើងនៅក្នុងឱកាសលោកនិងក្រុមការងារបានចូលរួមពិនិត្យនិងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រលងវិទ្យាល័យវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

លោក ងួន រតនៈ បានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តថា ចំពោះបេក្ខជនបេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»

តាមការបញ្ជាក់របស់បេក្ខជនបេក្ខនារីខ្លះបានលើកឡើងថាពួកគេមានសង្ឃឹមក្នុងការប្រឡងច្រើនដោយសារការសិក្សាររៀនសូត្របានច្រើនជាងឆ្នាំមុនព្រោះប្រទេសកម្ពុជាបានដំណើរការសិក្សារៀនសូត្រពេញមួយឆ្នាំ។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ធំមាន១២មណ្ឌលប្រឡង ស្មើនឹង ២២១បន្ទប់ ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ មាន២មណ្ឌល ៥២បន្ទប់ មានបេក្ខជនសរុប ១៣០០នាក់ ស្រី ៧៧៨ នាក់, ផ្នែកវិទ្យាសាស្ត្រសង្គម មាន១០មណ្ឌល មាន១៦៩បន្ទប់ បេក្ខជនសរុប ៤២២៤នាក់ ស្រី២២៨៤នាក់៕