(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨១អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ការប្រារព្ធពិធី មានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហម គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា ជាច្រើនរយនាក់ផងដែរ។
គួរបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូកាកបាទក្រហម កម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ដើម្បីក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរថ្លៃថ្លាបំផុត ជាមួយនឹងមនោសញ្ចេតនា និងទឹកចិត្តស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨០ យាងចូល ៨១ព្រះវស្សា សូមទ្រង់ប្រកបដោយព្រះរាជ សុខភាព ល្អបរិបូណ៌ មានព្រះជន្មាយុយឺនយូរ ។
ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជាក់ថា «ខ្ញុំម្ចាស់ចងចាំជានិច្ច នូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបាន បូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម យាងដង្ហែរព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូនីយកិច្ច ជាប្រវត្តិសាស្រ្ត ដ៏គួរឱ្យស្ងប់ស្ញែង ដើម្បី ឯករាជ្យជាតិ បូរណភាពទឹកដី សុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពជាតិក្នុងគ្រប់វិស័យ ហើយដែលនេះ គឺជាព្រះគំរូវីរភាព នៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់ គ្មានអ្វីប្រៀបផ្ទឹមឡើយ»៕