(ភ្នំពេញ)៖ យុវជនគ្រប់អាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឆ្នាំ២០២២-២០២៣ រស់នៅលំនៅដ្ឋាននិមួយៗ តាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះ បានមានឱកាសមកស្នើសុំផ្ដល់ និងធ្វើថ្មីនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ និងសម្រាប់បម្រើឲ្យការងារបោះឆ្នោត ពីមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។

ឱកាសសម្រាប់យុវជនគ្រប់អាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព ឆ្នាំ២០២២-២០២៣ ក្នុងការស្នើសុំផ្ដល់ និងធ្វើថ្មី នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ និងសម្រាប់បម្រើឲ្យការងារបោះឆ្នោតនេះដែរ បានធ្វើឡើងក្រោយពីមានការជំរុញ និងដឹកនាំអនុវត្តផ្ទាល់ដល់លំនៅដ្ឋានដោយលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការខណ្ឌ ដែលមានលោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែកទទួលបន្ទុកជាសេនាធិការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ ផងដែរ ពិសេសគឺក្រោយពីមានការដឹកនាំយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ត្រីនាយផ្នែក មៀច ណូន បានឲ្យដឹងថា ពេញមួយថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងផ្នែកជុំនាញ សម្រេចប្រមូលទិន្ន័យ ក្នុងការផ្ដល់ និងធ្វើថ្មីនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនយុវជនគ្រប់អាយុ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋកាន់អត្តសញ្ញាណប័ណ្ណផុតសុពលភាព បានចំនួន១៥៩នាក់ (ប្រុស៧៩នាក់) ក្នុងនោះផ្តល់ថ្មីចំនួន៧១នាក់ (ប្រុស៣៨នាក់) និងអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព ឆ្នាំ២០២២-ឆ្នាំ២០២៣ ចំនួន៨៨នាក់ (ប្រុស៤១នាក់) បន្ទាប់ពីមានកិច្ចសហការល្អ ពីកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាលសង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលស្ថិតក្រោមការដឹកនាំយកចិត្តទុកដាក់ ពីសំណាក់លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការខណ្ឌ ស្របតាមការចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕