(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីទ្បា។

លោក មួន វាសនា បានថ្លែងថា ប្អូនៗ និងក្មួយៗសិស្សានុសិស្ស ជាទីស្រលាញ់រាប់អាន ក្នុងនាមជាប្រធានគណៈគ្រប់ គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម លោកសូមជូនពរប្អូនៗ និងក្មួយៗ ដែល ត្រូវប្រទ្បងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ។

លោកថា សូមធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាប្រទ្បង ជាមួយភាពជឿជាក់សមត្ថភាព ខ្លួនឯង និងសូមខិតខំឆ្លើយឲ្យបានគ្រប់សំណួរ ឲ្យអស់ពីសមត្ថភាពខ្លួនឯង ដោយចាប់ផ្តើមធ្វើពីសំណួរ ដែលខ្លួនចេះៗមុន និងពេលធ្វើហើយត្រូវពិនិត្យ ក្រដាស់កិច្ចការខ្លួនឯង ឲ្យបានហ្មត់ចត់ និងប្រគល់ជូនតាម ពេលវេលាកំណត់។

លោកបន្ដថា លទ្ធផលនៃការសិក្សាដែលប្អូនៗ ក្មួយៗ បានប្រឹងប្រែងរៀនសូត្រ និងការប្រឡងពេលនេះ គឺជាសក្ខីភាព និងចេញជាលទ្ធផល នៃចំណេះដឹងទូទៅ​ដែលប្អូនៗ ក្មួយៗ សម្រេចបានបន្ទាប់ពីការលះបង់ពេលវេលា ព្យាយាមរៀនសូត្រកន្លងមក។

លោកបន្ថែមទៀតថា សេចក្តីព្យាយាម និង កិច្ចខិតខំ ប្រឹងប្រែងដ៏លំបាក ជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់ បំប៉នសមត្ថភាព ជាកម្លាំងកាយកម្លាំងចិត្ត គំនិតប្រាជ្ញា ខួរក្បាល បេះដូង និងជំនាញភាពប៉ិនប្រសប់ ប្រកបដោយ គំនិតឆ្នៃប្រឌិតដែលកើតចេញ ពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តភាពនៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍន៍សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិនាពេលអនាគត។

លោក មួន វាសនា បន្តថា ពេលដែលប្រឡងហើយ លោកសូមលើកទឹកចិត្តសម្លឹងមើល ឱកាស ជ្រើសរើសជំនាញណាមួយ ដែលខ្លួនពេញចិត្ត ចូលរៀនថ្នាក់ឧត្តមសិក្សា ឲ្យខានតែបាន ទោះជាជួបការលំបាក យ៉ាងណា ត្រូវតែតស៊ូ ជំនះរាល់ការលំបាក ព្រោះការលំបាក ក្នុងការសិក្សាតែរយៈពេល៤ឆ្នាំ ធ្វើឲ្យជីវិតយើងមានភាពងាយស្រួល ស្ទើរ១ជីវិត ធ្វើឲ្យជីវិតជៀសផុត ពីការលំបាកពីភាពក្រីក្រ ជៀសផុតពីការសោកស្តាយ ដែលមិនបានការងារល្អៗ ធ្វើនឹងគេទាំងនោះ គឺដើម្បីឈានទៅរកភាពជោគជ័យ ក្នុងជីវិតខ្លួនឯង ដោយភាពជោគជ័យ កើតចេញពីការសិក្សា គឺមានរហូតដល់ ៩០ភាគរយ ។

លោកបន្ថែមថា ក្នុងនាមគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម សូមប្រសិទ្ធពរជ័យដល់ប្អូនៗ ក្មួយៗ ប្រឡងបានលទ្ធផលល្អ គ្រប់ៗគ្នា ទៅតាមសមត្ថភាពរៀងៗខ្លួន និង សូមប្រកបតែនឹងវិបុលសុខ ប្រាជ្ញាវៀងវៃ និងសម្រេចបានជោគជ័យ លើការសិក្សាសម្រាប់ជីវិតខ្លួនឯង ដើម្បីជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ ជាទីស្នេហារបស់យើង៕