(ភ្នំពេញ)៖ បន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សា និងព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងលក់តាមទីផ្សារ គ្មានការត្រួតពិនិត្យពីអ្នកជំនាញ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានស្នើឲ្យសមាគមគ្រូពេទ្យឯកទេសសើស្បែកក្នុងតំបន់អាស៊ី រួមគ្នាលុបបំបាត់ផលិតផលក្លែងក្លាយ។
ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឳកាសអញ្ជើញបើកសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែក នៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ក្រោមប្រធានបទ «សុខភាពស្បែក ក្រោយជំងឺកូវីដ-១៩» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រយៈពេល២ថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រីថ្លែងបន្តថា បច្ចុប្បន្ននេះសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនកំពុងទទួលរងនូវផលប៉ះពាល់ ពីការប្រើប្រាស់ផលិតផលថែរក្សាស្បែក និងឱសថព្យាបាលស្បែក ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម និងលក់តាមទីផ្សារ ដែលគ្មានការត្រួតពិនិត្យពីអ្នកជំនាញសុខាភិបាល និងមានប្រជាពលរដ្ឋមួយចំនួនទៀតនិយមទទួលសេវាថែទាំព្យាបាលជំងឺស្បែក ដោយពុំបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
លោកសាស្ត្រាចារ្យបន្តថា «ខ្ញុំសូមជំរុញលើកទឹកចិត្តដល់គ្រូពេទ្យឯកទេសទាំងអស់រួបរួមសាមគ្គីគ្នា ដើម្បីលើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ដ្រ ក៏ដូចជាផ្នែកជំងឺសើស្បែកនេះ ដើម្បីធ្វើយ៉ាងម៉េចឲ្យប្រាកដប្រជាថា យើងទទួលបាននូវផលិតផលដែលយើងទាំងអស់គ្នាផលិត ហើយផ្ដល់ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព ចៀសវាងការផ្ដល់នូវផលិតផលពីជនខិលខូចផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់ទៅមិនមានប្រសិទ្ធភាព និងខូចស្បែក មុខមាត់អស់ ហេតុនេះធ្វើយ៉ាងមិចរួមគ្នាលុបបំបាត់ផលិតផលក្លែងក្លាយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយើង»។
លើសពីនេះតាមរយៈការរៀបចំសន្និសីទលើកទី៥ ស្តីពីជំងឺសើស្បែកនៃប្រទេសឥណ្ឌូចិន និងកិច្ចប្រជុំលើកទី៧ របស់សមាគមគ្រូពេទ្យសើស្បែកកម្ពុជា គឺជាការរួមចំណែកដល់វិស័យសុខាភិបាលកម្ពុជា ដើម្បីបណ្តុះបណ្តាលបន្តជូនដល់វេជ្ជបណ្ឌិត គ្រូពេទ្យ ក្មួយៗនិស្សិត នូវចំនេះដឹង និងបទពិសោធន៍ថ្មីៗ តាមរយៈបទបង្ហាញរបស់វាគ្មិនជាតិ-អន្តរជាតិ មកពីបណ្តាប្រទេសជាមិត្ត ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងឡាវ។
លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំ២ថ្ងៃនេះ វេជ្ជបណ្ឌិតទាំងអស់ នឹងទទួលបាននូវចំនេះដឹង បទពិសោធន៍ យកទៅអនុវត្តក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ «ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជាបានថ្លែងថា ក្រុមគ្រូពេទ្យឯកទេសរបស់យើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លើយតបតម្រូវរបស់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀតចក្ខុវិស័យរបស់យើង ចង់ជំរុញឲ្យមានគ្រូពេទ្យឯកទេសសើស្បែក មាននៅតាមបណ្តាលខេត្តសម្រាប់នៅកម្ពុជាយើង»។
លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ជាពិសេសតាមរយៈសន្និសីទដែលបានធ្វើឡើងរយៈពេល២ឆ្នាំម្ដង ហើយឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងនឹងទទួលបានបទពិសោធន៍បន្ថែមទៀត ពីវាគ្មិនដែលមកពីក្រៅប្រទេសប្រកបដោយវិជ្ជាជីវៈផ្នែកជំងឺសើស្បែក។
ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជារូបនេះ បានឲ្យដឹងថាគ្រោះថ្នាក់ដោយជំងឺសើស្បែកជាទូទៅ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត ប៉ុន្ដែមានជំងឺសើស្បែកខ្លះទៀតមិនមែនមានតែបញ្ហាលើស្បែកនោះទេ គឺអាចប៉ះពាល់ទៅដល់សរីរាង្គផ្សេងៗ ដែលជំងឺសើស្បែកប្រភេទនោះហើយ ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត។ ពិសេសបញ្ហាសើស្បែកពេញនិយម គឺការកែសម្ជស្ស ពីអ្នកដែលពុំមានការបណ្ដុះបណ្ដាលពិតប្រាកដក៏អាចធ្វើឱ្យប៉ះពាល់ដល់អាយុវជីវិត៕