Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខេត្តបន្ទាយមានជ័យ ណែនាំដល់ក្រុមការងារអនុវត្តតួនាទីរបស់ខ្លួន បម្រើប្រជាពលរដ្ឋឲ្យបានល្អ

04-12-2022 13:31

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមចុះមូលដ្ឋានស្រុកភ្នំស្រុក បានអញ្ជើញសំណេះសំណាលការងារគណបក្សឈានឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។

ពិធីសំណេះសំណាល ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឃ្លោក នូយ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក ស៊ុន សម្បត្តិ អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក លោក លោកស្រី ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋាន លោក ជូ បុត្រ ប្រធានគណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ និងសមាជិក សមាជិកា បានចូលរួមចំនួន១៧៥នាក់ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក។

នាឱកាសនោះដែរ លោក បោន ប៊ិន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ជូនដល់សមាជិក-សមាជិកា ដោយក្តីនឹករលឹក។

ដើម្បីសម្រេចបានជោគជ័យថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ លោក បោន ប៊ិន ក៏បានណែនាំបន្ថែម ដល់ក្រុមការងារ ពិសេសសមាជិក-សមាជិកបក្សឃុំ ត្រូវអនុវត្តតួនាទីរបស់ខ្លួន បម្រើប្រជាពលរដ្ឋឲ្យបានល្អ ត្រូវឆ្លើយតបភ្លាមៗនូវតម្រូវការរបស់ពលរដ្ឋ ដោយគ្មានការរើសអើងបក្សនយោបាយណាឡើយ៕