(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានបន្តណែនាំដល់រដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក សហការជាមួយ មន្ត្រីថ្នាក់ក្រោម ជាពិសេសជំរុញបន្ថែមដល់លោកមេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ មេភូមិ ខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋ ជាពិសេសនោះរាល់ការធ្វេីអត្តសញ្ញាណប័ណ្ណថ្មីជូនប្រជាពលរដ្ឋ សូមយកទៅជូនពួកគាត់ឱ្យបានដល់ផ្ទះកាន់តែល្អប្រសើរ។
លោក ថោង ខុន បានលើកឡើងយ៉ាងដូចនេះនារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នាឱកាសដឹកនាំក្រុមការងារ ដោយមានការចូលរួមពីប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក រួមនឹងប្រធានគណបក្សឃុំ និងក្រុមការងារស្រុក ឃុំ ភូមិ បើកកិច្ចប្រជុំជីវភាពប្រចាំខែ ដើម្បីរួមគ្នាខិតខំក្ដាប់ឱ្យបានពីតម្រូវការ និងសំណូមរបស់ប្រជាជន និងបន្តរួមគ្នាដោះស្រាយ បញ្ហាជូនប្រជាជនឱ្យបានជាប់លាប់។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍ប្រចាំខែរបស់ប្រធានគណបក្សស្រុកទាំង២ហើយ និងបើកវេទិកាសាកសួរជាមួយប្រធានគណបក្សឃុំ និងគណបក្សស្រុកពីសតិអារម្មណ៍របស់ប្រជាជន និងសកម្មជនគណបក្សនៅមូលដ្ឋានឃុំ ភូមិ ដើម្បីក្ដាប់ពីសភាពការណ៍ លោក ថោង ខុន ក៏បានណែនាំឱ្យប្រធានបក្សស្រុកទាំង២ យកចិត្តទុកដាក់បន្ថែមទៀត រៀបចំផែនការឱ្យបានច្បាស់លាស់ លេីការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អាជីវករលក់ដូរតាមផ្សារ ម៉ូតូឌុប និងអ្នកធ្វេីការសេវាកម្សាន្ត និងការងារផ្សេងៗទៀតនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះដែរលោក ថោង ខុន ក៏បានជំរុញឱ្យគណបក្សស្រុកទាំង២ ចុះឱ្យដល់មូលដ្ឋានប្រជាពលរដ្ឋ បន្តពិនិត្យមេីលការចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដោយស្រង់ទិន្នន័យប្រជាពលរដ្ឋចុះឈ្មោះថ្មីឱ្យបានច្បាស់លាស់ ដោយខិតខំជម្រុញនិងកសាងសមាជិកបក្សឱ្យបានកាន់ច្រេីនបន្ថែមទៀត ជាមួយនោះត្រូវខិតខំតាមដាន និងស្វែងរកប្រជាពលរដ្ឋដែលទេីបបានចុះឈ្មោះបោះឆ្នោត និងដាក់បញ្ចូលជាសមាជិកគណបក្សឱ្យបានគ្រប់ៗគ្នា។
លោកប្រធាន ថោង ខុន បានណែនាំដល់ប្រធានគណបក្សស្រុក ឃុំ ភូមិ ពិសេសក្រុមប្រឹក្សាឃុំត្រូវរួមគ្នាចុះសួរសុខទុក្ខប្រជាពលរដ្ឋ នឹងចុះជួយដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ ហើយការធ្វើដូចនេះដើម្បីបង្កើន ភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីនេះដែរលោក ថោង ខុន ក៏បានណែនាំឱ្យគណបក្សស្រុកទាំង២ ខិតខំពង្រឹងសមាជិកបក្សនៅតាមភូមិ ឃុំ ឱ្យបានច្បាស់ទាក់ទងនឹងការផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត និងការផ្ទៀងផ្ទាត់ សមាជិកបក្សឱ្យបានច្បាស់លាស់នៅតាមភូមិឃុំដែលជាមុខសញ្ញា ហើយអ្វីដែលកាន់តែពិសេសនោះគឺត្រូវធ្វើការគ្រប់គ្រងសតិអារម្មណ៍របស់សមាជិបក្ស តាមរយៈការចុះជួយដោះស្រាយនូវរាល់បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕